ស្ថាប័នការពារដែនកោះ នៅថ្ងៃសុក្រ (ទី៧ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា កោះតៃវ៉ាន់បានប្រទះឃើញបាឡុងរបស់ចិនចំនួន ៦គ្រឿង ហោះនៅម្ដុំកោះនេះ ខណៈដែលទីក្រុងប៉េកាំងបន្តដាក់សម្ពាធផ្នែកយោធា ដើម្បីជំរុញការអះអាងអធិបតេយ្យភាពរបស់ខ្លួន។
ស្ថាប័ននេះបានប្រាប់ថា បាឡុងចំនួន ៦គ្រឿងនេះ ត្រូវបានប្រទះឃើញក្នុងរយៈពេល ២៤ម៉ោង ពោលគឺដល់ ៦ព្រឹកថ្ងៃសុក្រ ម៉ោងក្នុងស្រុក ដោយនេះស្ថិតនៅក្នុងផ្នែកនៃសកម្មភាពយោធាប្រចាំថ្ងៃរបស់ចិន នៅជុំវិញកោះនេះ។
រួមជាមួយបាឡុងទាំងនោះ យន្តហោះយោធាចិនចំនួន ៩គ្រឿង នាវាចម្បាំង ៦គ្រឿង និងនាវាផ្លូវការ ២គ្រឿង ត្រូវបានប្រទះរកឃើញ ក្នុងរយៈពេលដូចគ្នា នៅក្បែរកោះតៃវ៉ាន់។ បើយោងតាមទិន្នន័យយោធារបស់សារព័ត៌មាន AFP បានឲ្យដឹងថា បាឡុងរបស់ចិន តែងត្រូវបានប្រទះឃើញជាប្រចាំ នៅលើផ្ទៃទឹកក្បែរកោះតៃវ៉ាន់ ប៉ុន្តែតួលេខ នៅថ្ងៃសុក្រនេះ គឺជាចំនួនដ៏ច្រើនបំផុតមួយដែលត្រូវបានកត់ត្រា។
ទោះបីជាកោះតៃវ៉ាន់ហៅខ្លួនឯងថា ជាប្រទេសអធិបតេយ្យក៏ដោយ ក៏ប្រទេសចិនបានអះអាងថា កោះនេះជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយបានគំរាមប្រើកម្លាំង ដើម្បីក្រសោបយកមកគ្រប់គ្រង។ ជាមួយគ្នានេះ កោះតៃវ៉ាន់ ក៏ជាចំណុចដែលបង្កជាលទ្ធភាពឲ្យមានជម្លោះផងដែរ រវាងចិន និងសហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំបំផុតរបស់កោះនេះ៕


