ក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសម៉ារ៉ុក បានបញ្ឈប់ជនអន្តោប្រវេសន៍ចំនួន ៧៨.៦៨៥ នាក់ ពីការឆ្លងដែនខុសច្បាប់ ចូលទៅក្នុងសហភាពអឺរ៉ុប ក្នុងឆ្នាំ ២០២៤ គឺកើនឡើង ៤,៦ % បើធៀបនឹងឆ្នាំមុន។
ក្រសួងបានលើកឡើង ក្នុងការឆ្លើយតបទៅនឹងសំណួរជាច្រើនថា តួលេខនេះ បង្ហាញពី «ការកើនឡើងសម្ពាធនៃការធ្វើទេសន្តរប្រវេសន៍ នៅក្នុងបរិយាកាសក្នុងតំបន់ ដែលមិនមានស្ថិរភាព។
ក្រសួងបានបន្ថែមទៀតថា ក្នុងចំណោមជនអន្តោប្រវេសន៍ទាំងអស់ ៥៨% មកពីអាហ្វ្រិកខាងលិច ១២ % មកពីអាហ្វ្រិកខាងជើង និង ៩ % មកពីអាហ្វ្រិកខាងកើតនិងកណ្តាល ដែលបានមកដល់ប្រទេស ម៉ារ៉ុក។
ជម្លោះប្រដាប់អាវុធជាច្រើនឆ្នាំ នៅទូទាំងតំបន់ Sahel នៃទ្វីបអាហ្រ្វិក ភាពអត់ការងារធ្វើ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសហគមន៍កសិកម្ម គឺជាហេតុផលដែលជំរុញឲ្យជនអន្តរប្រវេសន៍ ទៅកាន់អឺរ៉ុប។
ម៉ារ៉ុក និងប្រទេសជិតខាងជាសមាជិកសហភាពអឺរ៉ុប អេស្ប៉ាញ បានពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការធ្វើទេសន្តរប្រវេសន៍ ដោយគ្មានឯកសារ ចាប់តាំងពីពួកគេ បានដោះស្រាយជម្លោះការទូតដាច់ដោយឡែកមួយ នៅឆ្នាំ ២០២២។
ប្រទេសអាហ្រ្វិកខាងជើងនេះ គឺជាកន្លែងចាប់ផ្តើមដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍អាហ្រ្វិក តាំងពីយូរយារណាស់មកហើយ ដែលមានបំណងទៅដល់ទ្វីបអឺរ៉ុប តាមរយៈសមុទ្រមេឌីទែរ៉ាណេ មហាសមុទ្រអាត្លង់ទិក ឬដោយការលោតរំលងរបងព័ទ្ធជុំវិញតំបន់ Ceuta និង Melilla របស់ប្រទេសអេស្ប៉ាញ នៅភាគខាងជើងប្រទេសម៉ារ៉ុក។