ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើក្រឹត្យ ដែលដាក់ទណ្ឌកម្មប្រឆាំងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញការស៊ើបអង្កេតលើអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក។
ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនមែនជាសមាជិក ឬមិនទទួលស្គាល់តុលាការ ដែលបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ពីបទឧក្រិដ្ឋកម្មសង្រ្គាម ជុំវិញការឆ្លើយតបយោធារបស់លោក នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ ២០២៣។ ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ក្នុងនោះមានកុមារជាច្រើន ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការឆ្លើយតបរបស់យោធាអ៊ីស្រាអែល។
ក្រឹត្យដែលលោក ត្រាំ បានចុះហត្ថលេខានោះ បានចោទប្រកាន់តុលាការ ICC ពីបទចូលរួមក្នុង «សកម្មភាពខុសច្បាប់ និងគ្មានមូលដ្ឋានសំដៅលើអាមេរិក និងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់យើង» និងការរំលោភបំពានអំណាចរបស់ខ្លួនដោយការចេញ «ដីកាចាប់ខ្លួន ដោយគ្មានមូលដ្ឋាន» ប្រឆាំងនឹងលោក ណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) ។
ក្រឹត្យនោះ ចែងថា៖ «តុលាការICC មិនមានយុត្តាធិការលើសហរដ្ឋអាមេរិក ឬអ៊ីស្រាអែលទេ» ដោយបន្ថែមថា តុលាការនេះ បានកំណត់ «ការវិនិច្ឆ័យជាគំរូដ៏គ្រោះថ្នាក់» ជាមួយនឹងសកម្មភាពរបស់ខ្លួន ប្រឆាំងនឹងប្រទេសទាំងពីរ។