សារព័ត៌មាន Middle East Eye ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) គ្រោងនឹងដាក់សម្ពាធលើប្រទេសកាតា អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ឲ្យគាំទ្រដល់ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រង និងសាងសង់តំបន់ហ្កាហ្សា ឡើងវិញ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា ផែនការរបស់រដ្ឋបាលលោក ត្រាំ អំពាវនាវឲ្យប្រទេសឈូងសមុទ្រទាំងបីនេះ ទទួលបានសិទ្ធិអចលនទ្រព្យ នៅមាត់ទឹក ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលបានសាងសង់ឡើងវិញ និងឲ្យក្រុមហ៊ុនសំណង់មួយចំនួនរបស់ពួកគេ ទទួលបានកិច្ចសន្យាសាងសង់អគារផ្ទះល្វែង នៅទីនោះ។ មន្ត្រីនោះ បានប្រាប់កាសែត Middle East Eye ថា នោះ គឺជាថ្នូរនឹងការផ្តល់មូលនិធិដល់ការផ្លាស់ទី លំនៅជនជាតិប៉ាឡេស្ទីន និងការកសាងតំបន់ហ្កាហ្សាឡើងវិញ។
របាយការណ៍ បានបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋឈូងសមុទ្រ មិនបានយល់ព្រមគាំទ្រកិច្ចព្រមព្រៀង ដែលបានស្នើឡើង ឬធ្វើសំណើតបវិញទេ ដែលបង្កឲ្យមានការខកចិត្ត ក្នុងចំណោមទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ និងបានជំរុញឲ្យប្រធានាធិបតីអាមេរិករូបនេះ ធ្វើផែនការ ដើម្បីដាក់សម្ពាធលើប្រទេសទាំងអស់នេះ។