ក្រុមគ្រូពេទ្យគ្មានព្រំដែន ឬ MSF បាននិយាយ នៅក្នុងរបាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធថែទាំសុខភាព នៅតំបន់វេសបែង (West Bank) បានស្ថិតក្នុង «ស្ថានភាពអាសន្ន ជាអចិន្ត្រៃយ៍» ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣មក។
ក្រុមគ្រូពេទ្យនេះ បាននិយាយថា៖«ការកើនឡើងយ៉ាងខ្លាំងនូវអំពើហិង្សា ដែលត្រូវបានបង្កឡើងដោយការវាយប្រហាររបស់យោធាអ៊ីស្រាអែលដែលអូសបន្លាយពេលដ៏យូរ និងការរឹតបន្តឹងការធ្វើដំណើរដ៏តឹងរ៉ឹង ... បានរារាំងយ៉ាងតឹងតែងដល់ការទទួលបានសេវាសំខាន់ៗ ជាពិសេសការថែទាំសុខភាព ដែលធ្វើឲ្យស្ថានភាពរស់នៅធ្ងន់ធ្ងរស្រាប់របស់ប្រជាជនប៉ាឡេស្ទីន កាន់តែលំបាកឡើងៗ។
អំពើហិង្សានៅក្នុងតំបន់នេះ បានកើនឡើង បន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ ២០២៣ ដែលបានបង្កឲ្យមានការសងសឹកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល ដែលបានបង្កមហន្តរាយតំបន់ហ្កា ហ្សាស្ទើរតែទាំងស្រុង។
ក្រុមគ្រូពេទ្យគ្មានព្រំដែន បានលើកឡើងថា៖«ចាប់តាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ មក តំបន់វេសបែង បានឃើញការកើនឡើងយ៉ាងខ្លាំងនូវអំពើហិង្សា ដែលត្រូវបានបណ្តាលមកពីការវាយប្រហាររបស់យោធាអ៊ីស្រាអែលអូសបន្លាយពេលយូរ និងការរឹតបន្តឹងការធ្វើដំណើរកាន់តែតឹងរ៉ឹង»។