ប្រទេសចិន នៅថ្ងៃសុក្រ (ទី៧ ខែកុម្ភៈ) នេះ បានប្រាប់ថា ខ្លួនមាន «ការសោកស្តាយ» ដែលប្រទេសប៉ាណាម៉ា សម្រេចដកខ្លួនចេញពីកម្មវិធីហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង បន្ទាប់ពីប្រទេសអាមេរិកឡាទីនមួយនេះ បានបញ្ចប់ការចូលរួមរបស់ខ្លួននៅក្នុងគម្រោង ដើម្បីជាសម្បទានដល់ទីក្រុងវ៉ាស៊ីនតោន។
ដោយជំរុញឲ្យប៉ាណាម៉ា «ពិចារណាលើទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយ និងគិតពីផលប្រយោជន៍យូរអង្វែងរបស់ប្រទេសទាំង២» ហើយ «ទប់ទល់នឹងការជ្រៀតជ្រែកពីខាងក្រៅ» អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បាននិយាយថា៖ «ទីក្រុងប៉េកាំងសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ប្រទេសប៉ាណាម៉ា»។
គិតចាប់តាំងពីបានឈ្នះការបោះឆ្នោតអាមេរិក ក្នុងខែវិច្ឆិកា ប្រធានាធិបតី លោក Donald Trump បានបដិសេធមិនច្រានចោលនូវការប្រើប្រាស់កម្លាំង ដើម្បីរឹបអូសយកមកគ្រប់គ្រងនូវព្រែកជីកប៉ាណាម៉ា ដែលត្រូវបានជីកដោយទីក្រុងវ៉ាស៊ីនតោន កាលពីជាង ១សតវត្សរ៍មុន ហើយក្រោយមកបានប្រគល់ទៅឲ្យប្រទេសប៉ាណាម៉ា។
ប្រមាណជា ៤០ភាគរយនៃចរាចរណ៍នាវាកុងតឺន័ររបស់សហរដ្ឋអាមេរិកឆ្លងកាត់ផ្លូវទឹកតូចចង្អៀតនេះ ដែលភ្ជាប់សមុទ្រការ៉ាអ៊ីពជាមួយមហាសមុទ្រប៉ាស៊ីហ្វិក។ លើសពីកង្វល់នៃការបង់ថ្លៃសេវាឆ្លងកាត់ ទីក្រុងវ៉ាស៊ីនតោន ទំនងជាបានបង្ហាញក្ដីបារម្ភជាចម្បង អំពីការវិនិយោគរបស់ចិន នៅក្នុងព្រែកជីកប្រវែង ៨០គីឡូម៉ែត្រ ដែលក្ដោបក្ដាប់ ៥ភាគរយនៃពាណិជ្ជកម្មតាមផ្លូវទឹករបស់ពិភពលោក។
ប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក Jose Raul Mulino កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកុម្ភៈ) បានបញ្ជាក់ថា ប៉ាណាម៉ាបានដកខ្លួនចេញពីកម្មវិធីហេដ្ឋារចនាសម្ព័ន្ធនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI)៕