អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានព្រមាននៅថ្ងៃសុក្រនេះថា ការព្យួរជំនួយរបស់សហរដ្ឋអាមេរិក អាចធ្វើឲ្យ «លក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត» កាន់តែអាក្រក់ឡើងៗ នៅក្នុងជំរំដែលផ្ទុកសាច់ញាតិរបស់ក្រុម ភេរវកររដ្ឋឥស្លាម Daesh ដែលគេសង្ស័យ នៅភាគឦសានប្រទេសស៊ីរី ដោយជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបន្តការគាំទ្រ។
ជំរំនិងពន្ធនាគារដែលគ្រប់គ្រងដោយជនជាតិឃើដ នៅក្នុងតំបន់ នៅតែឃុំខ្លួនមនុស្សប្រហែល ៥៦.000 នាក់ ដោយមានការសង្ស័យ ឬបានដឹងថា មានទំនាក់ទំនងជាមួយក្រុមឥស្លាម Daesh រយៈពេលប៉ុន្មានឆ្នាំ បន្ទាប់ពីការបរាជ័យរបស់ក្រុមជីហាដ នៅក្នុងទឹកដីនេះ។
ពួកគេ រាប់បញ្ចូលទាំងជនសង្ស័យជីហាដ ដែលត្រូវបានឃុំឃាំង នៅក្នុងពន្ធនាគារ រួមទាំងភរិយា និងកូនៗរបស់យុទ្ធជន IS ដែលត្រូវបានឃុំខ្លួន នៅក្នុងជំរំឃុំឃ្លាំង Al-Hol និង Roj។
អង្គការ HRW បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការព្យួរជំនួយបរទេសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះអង្គការមិនមែនរដ្ឋាភិបាលដែលប្រតិបត្តិការ នៅក្នុងជំរំទាំងនេះ កំពុងធ្វើឲ្យ លក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត កាន់តែធ្ងន់ធ្ងរឡើង ដោយប្រថុយនឹងអស្ថិរភាពបន្ថែមទៀតនៃស្ថានភាពសន្តិសុខ ដែលមិនច្បាស់លាស់»។
ក្រុមសិទ្ធិមនុស្សនេះ បានលើកឡើងថា ការបង្កកជំនួយ អាចនឹង«កំណត់ការផ្តល់សេវាចាំបាច់សម្រាប់អ្នករស់នៅក្នុងជំរំ» ដោយនិយាយសំដៅដល់បុគ្គលិកមនុស្សធម៌អន្តរជាតិ។