ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោក មិនដែលស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា លោកបានធ្វើការ អត្ថាធិប្បាយ នៅក្នុងពិធីមួយ ក្នុងទីក្រុងតេអេរ៉ង់ ដើម្បីប្រារព្ធខួបលើកទី ៤៦ នៃជ័យជម្នះបដិវត្តន៍ឥស្លាមឆ្នាំ ១៩៧៩របស់អ៊ីរ៉ង់។ ពិធីនេះ មានការចូលរួមពីឯកអគ្គរដ្ឋទូតបរទេស និងតំណាងអង្គការអន្តរជាតិនានា ក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់។
លោក Pezeshkian បាននិយាយថា៖«យើងមិនស្វែងរក (ដើម្បីផលិត) អាវុធនុយក្លេអ៊ែរទេ។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានប្រកាសយ៉ាងច្បាស់អំពីបញ្ហានេះ ដោយការចេញក្រឹត្យសាសនាមួយ។
លោកបានបន្ថែមថា ការផ្ទៀងផ្ទាត់ថា អ៊ីរ៉ង់មិនមានបំណងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ មិនពិបាកទាល់តែសោះ ដោយបញ្ជាក់ថា « មកដល់ពេលនេះ ពួកគេ(ក្រុមអធិការកិច្ច) បានមកស៊ើបអង្កេតលើករណីនេះ នៅពេលណា ដែលពួកគេចង់ ហើយចាប់ពីពេលនេះតទៅ អាចមកពិនិត្យជាថ្មីមួយរយដងក៏បានដែរ។ យើងនឹងមិនស្វះស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ»។
ការអត្ថាធិប្បាយនេះ បានកើតឡើង នៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump ) កាលពីថ្ងៃអង្គារ បានចាត់វិធានការប្រតិបត្តិមួយ ដើម្បីស្តារយុទ្ធនាការ «សម្ពាធអតិបរមា» ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងរារាំងប្រទេសនេះ ពីការទទួលបានអាវុធនុយក្លេអ៊ែរ។