យោធាអ៊ុយក្រែន និយាយនៅថ្ងៃសុក្រនេះថា ពួកគេបានបាញ់ទម្លាក់យានដ្រូន ៨១គ្រឿង ក្នុងចំណោមយានដ្រូន ១១២គ្រឿង បាញ់បង្ហោះដោយរុស្ស៊ីកាលពីយប់កន្លងទៅ ដើម្បីវាយប្រហារប្រទេសមួយនេះ ។
គ្មានការខូចខាត ឬគ្រោះថ្នាក់នៅក្នុងទីក្រុងគីវ ត្រូវបានរាយការណ៍នោះទេដោយក្រុមមន្រ្តីអ៊ុយក្រែន បើទោះបីជាស្នូរគ្រាប់កាំភ្លើងត្រូវបានឮ ពេលដែលប្រព័ន្ធការពារដែនអាកាសទីក្រុងគីវ ប៉ុនប៉ងបាញ់ទម្លាក់យានដ្រូនដោយប្រើប្រាស់អាវុធធុនតូច ។
យោធាអ៊ុយក្រែន និយាយថា នៅក្នុងចំណោមយានដ្រូនសរុប យានដ្រូន ៣១គ្រឿង ពុំបានទៅដល់គោលដៅរបស់វានោះទេ ។
ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអាកាសអ៊ុយក្រែន បានទទួលនូវយន្តហោះចម្បាំង Mirage 2000-5 របស់ប្រទេសបារាំង និងយន្តហោះចម្បាំង F-16 របស់ប្រទេសហូឡង់ ។
លោក Zelenskyy ថា កងទ័ពអាកាសអ៊ុយក្រែន នៅតែបន្តអភិវឌ្ឍជានិច្ច ។ យន្តហោះ Mirage 2000 ដំបូងគេពីប្រទេសបារាំង បានមកដល់ហើយ ជាការបន្ថែមសមត្ថភាពការពារដែនអាកាសរបស់ពួកយើង ។
លោកបន្តថា លោកសូមថ្លែងអំណរគុណប្រធានាធិបតីបារាំងលោក Emmanuel Macron សម្រាប់ការដឹកនាំ និងការគាំទ្ររបស់លោក ។ លោក Macron គោរពពាក្យសម្ដីរបស់លោក ហើយពួកយើងពិតជាមានអារម្មណ៍ដឹងគុណរូបលោកខ្លាំងណាស់ ។ នេះជាជំហានមួយផ្សេងទៀត ក្នុងការពង្រឹងសន្តិសុខរបស់អ៊ុយក្រែន ៕