នៅថ្ងៃសុក្រនេះ ធនាគារកណ្តាលឥណ្ឌា(RBI) បានកាត់បន្ថយអត្រាការប្រាក់សំខាន់របស់ខ្លួនជាលើកដំបូងក្នុងរយៈពេលជិត ៥ឆ្នាំកន្លងមកនេះ និងបង្ហាញវិធីសាស្រ្តរឹតត្បិតតិចជាងមុន ដើម្បីផ្តល់ការលើកទឹកចិត្តដល់សេដ្ឋកិច្ចធ្លាក់ចុះ ។
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ(MPC) ដែលមានសមាជិក ៣រូបរបស់ RBI និងសមាជិកខាងក្រៅ ៣រូប បានកាត់បន្ថយអត្រាការប្រាក់មកនៅចំនួន ៦,២៥ភាគរយ ក្រោយពួកគេពុំបានផ្លាស់ប្តូរវា នៅក្នុងជំនួបគោលនយោបាយ ១១លើកជាប់ៗគ្នា ។
សមាជិកទាំង ៦រូបរបស់ MPC បានបោះឆ្នោតកាត់បន្ថយអត្រាការប្រាក់ និងរក្សាគោលជំហររូបិយវត្ថុឲ្យនៅអព្យាក្រឹត ។
លោក Sanjay Malhotra គឺជាទេសាភិបាលធនាគារ RBI បាននិយាយនៅក្នុងការពិនិត្យគោលនយោបាយលើកដំបូង ចាប់តាំងពីការតែងតាំងរបស់លោកកាលពីខែធ្នូថា MPC កត់សំគាល់ឃើញថា បើទោះបីជាកំណើនត្រូវបានគេរំពឹងថាងើបឡើងវិញ វាមានកម្រិតទាបច្រើនជាងកាលពីឆ្នាំមុន ហើយថាមវន្តអតិផរណា បានបើកចន្លោះសម្រាប់ការបន្ធូរបន្ថយអត្រាការប្រាក់ ។
លោក Malhotra បន្តថា ស្របពេលបន្តគោលជំហរអព្យាក្រឹត MPC យល់ឃើញថា គោលនយោបាយរូបិយវត្ថុរឹតត្បិតតិចជាងមុន គឺជារឿងត្រឹមត្រូវ ក្នុងទីប្រសព្វបច្ចុប្បន្ននេះ ។
ទិន្នផលមូលបត្របំណុលគោលរយៈពេល ១០ឆ្នាំរបស់ឥណ្ឌា កើនឡើង ៥ពិន្ទុ មានចំនួន ៦,៧០ភាគរយ ក្រោយការប្រកាស ខណៈប្រាក់រូពី និងសន្ទស្សន៍ភាគហ៊ុនគោល បានចុះខ្សោយបន្តិច ៕