យោងតាមការអះអាងរបស់ក្រុមមន្រ្តី និងក្រុមអ្នកធ្វើសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា កងកម្លាំងមកពីតំបន់ពាក់កណ្តាលស្វយ័ត Puntland របស់ប្រទេសសូម៉ាលី ដណ្តើមបានតំបន់ជាច្រើនក្នុងដែនដីមួយនេះពីក្រុមរដ្ឋអ៊ិស្លាម(IS) អំឡុងការវាយប្រហារអស់រយៈពេលជាច្រើនសប្តាហ៍ដែលពួកគេសង្ឃឹមថានឹងអាចទាក់ទាញការគាំទ្រកាន់តែច្រើនពីអន្តរជាតិ ។
ការវាយប្រហារក្រុម IS មានសារៈសំខាន់ខ្លាំង ក្រោយក្រុមមួយនេះក្លាយជាគោលដៅវាយប្រហារតាមច្រកអាកាសលើកដំបូងរបស់រដ្ឋបាលថ្មីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
មុនការវាយប្រហារទាំងនោះ ក្រុមអ្នកធ្វើសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលបានចូលដល់ដ៏កម្រនៅភូមិ Balidhidin គឺជាភូមិក្រុម ISគ្រប់គ្រងអស់រយៈពេល ១ទសវត្សរ៍មកហើយនោះ បានមើលឃើញកងកម្លាំងសន្តិសុខតំបន់ Puntland កំពុងដើរល្បាត ហើយអ្នកស្រុកដើរដោយជើងទទេរនៅជិតរថយន្តកងទ័ពដែលត្រូវបានបំផ្លាញ អំឡុងការប្រយុទ្ធគ្នានាពេលថ្មីៗនេះ ។
ភូមិមួយនេះ ស្ថិតនៅកណ្តាលភ្នំភាគខាងជើង Golis ដែលជាតំបន់កាន់កាប់របស់ក្រុម IS នៅប្រទេសសូម៉ាលី ហើយនិងជាទីតាំងរងការវាយប្រហាររបស់សហរដ្ឋអាមេរិក ។ ក្រុមអ្នកភូមិនិយាយថា កងកម្លាំងសន្តិសុខ ដណ្តើមបានការគ្រប់គ្រងតំបន់ផ្សេងទៀតផងដែរ ។
ភាគច្រើននៃអ្នកភូមិ Balidhidin បានរត់គេចចេញពីការគ្រប់គ្រងរបស់ក្រុមជីវពលរដ្ឋអ៊ិស្លាម ជាពិសេសក្រោយពួកគេសម្លាប់ស្នងការស្រុកកាលពីឆ្នាំ ២០២១ ។ ពួកគេបានបោះទីជម្រកនៅភូមិក្បែរគ្នា ហើយនិងនៅទីក្រុងកំពង់ផែ Bosaso ។
លោក Amino Saleban គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Bosaso និយាយថា កាលពីមុនស្រុកទេសរបស់លោកគ្មានភាពស្ងប់ស្ងាត់នោះទេ ។ មាននូវការផ្ទុះគ្រាប់ច្រើនណាស់ មាននូវការចាប់ពង្រាត់ មានបញ្ហាទាំងយប់ទាំងថ្ងៃនៅទីក្រុង Bosaso ។
សូមបញ្ជាក់ថា ក្រុម ISនៅសូម៉ាលី ដែលមានសកម្មប្រយុទ្ធចន្លោះពី ៧០០នាក់ ដល់ ១.៥០០នាក់ នៅតំបន់ភ្នំ Puntland គឺជាក្រុមមានកម្លាំងតិចជាងក្រុមឧទ្ទាម al Shabaab ដែលជាខ្សែបណ្តាញរបស់ក្រុមអាល់កៃដា និងជាក្រុមគ្រប់គ្រងតំបន់ភាគខាងត្បូង និងតំបន់ភាគកណ្តាលប្រទេសសូម៉ាលី ៕