ភ្នំពេញ៖ ប្រធានសមាគមភស្តុភារកម្មកម្ពុជា ថ្លែងថា វិស័យសេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវគោក នៅប្រទេសកម្ពុជា ដែលបានធ្លាក់ចុះដោយសារការររឹតបន្តឹងការឆ្លងកាត់ព្រំដែន ដើម្បីទប់ទល់នឹងការរាលដាលជំងឺកូវីដ ១៩ បានចាប់ផ្តើមងើបឡើងវិញ ក្នុងរង្វង់ ១០% ទៅ ១៥% នៃការនាំចូលវត្ថុធាតុដើម បម្រើឲ្យវិស័យរោងចក្រ សហគ្រាស និងនាំចេញផលិតផលពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីវិស័យនៃការដឹកជញ្ជូន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងការរីករាលដាលដោយសារជំងឺកូវីដ ១៩ នេះ ការដឹកជញ្ជូនតាមផ្លូវអាកាស បានធ្លាក់ចុះស្ទើរស្មើសូន្យ ហើយការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក ក៏បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។
លោកឧកញ៉ា បន្តថា ដោយមានការបន្ទូបន្ថយ និងរៀបចំឱ្យមានការដឹកជញ្ជូនឆ្លងកាត់ឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជា ការដឹកជញ្ជូនតាមផ្លូវគោកបានងើបឡើងរង្វង់ ១០% ទៅ ១៥%។ លោកឧកញ៉ា សង្ឃឹមថា ការដឹកជញ្ជូននេះ នឹងមានកំណើនកើនឡើងវិញជាបន្តបន្ទាប់ទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ–១៩ បានធូរស្រាល និងត្រឡប់មលវិញជាប្រក្រតីផងដែរ។
សូមបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានរៀបចំគម្រោងស្តីពី ការធ្វើឱ្យប្រសើរឡើង នូវច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ, ប៉ោយប៉ែត-អារញ្ញ ប្រាថេត, ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប ដើម្បីបម្រើដល់ការផ្លាស់ប្តូរទំនិញ និងនាំចេញ-នាំចូល ឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សុន រ៉ាឌី
