សម្រាប់ជនប៉ាឡេស្ទីនដែលវិលត្រឡប់មកកាន់ទីក្រុង Jabalia នៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប នាំគ្នាតម្រង់ជួរទទួលទឹកពីរថយន្ត និងសែងទឹកទាំងនោះទីកន្លែងណាដែលពួកគេអាចជ្រកបាន ។
លោក Shaher al-Kurdi គឺជាជនប៉ាឡេស្ទីនមួយរូបមានកូន ៨នាក់ និយាយថា លោកត្រូវការទឹក ១ពាន់លីត្រជារៀងរាល់ថ្ងៃ ដើម្បីឈានដល់តម្រូវការរបស់លោក ។ តើឲ្យលោកទៅរកទឹកឯណាបានដល់ទៅ ១ពាន់លីត្រនោះ? រាល់ថ្ងៃចាប់ពីព្រឹកដល់យប់ លោកដឹងតែពីជញ្ជូនទឹក នេះគឺជាជោគវាសនារបស់ពួកយើង ។
លោក Al-Kurdi នឹកឃើញដល់ពេលមួយដែលទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិផ្តល់ទឹកយ៉ាងច្រើនដល់គ្រួសារលោក ប៉ុន្តែពេលនោះ គឺមុនពេលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បង្កឡើងដោយសារការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នំា ២០២៣ ដោយក្រុមជីវពលហាម៉ាស់លើតំបន់សហគមន៍អ៊ីស្រាអែល ។
លោក Al-Kurdi បន្តថា ពួកយើងពុំបានរងគ្រោះពីកង្វះខាតទឹកប្រើប្រាស់បែបនេះនោះទេ ។ ទឹកមករកពួកយើង ហើយថែមទាំងដល់ជាន់ទី ៣ដោយពុំចាំបាច់បូម ។ អ្វីៗក៏ពួកយើងមាន តែជាក់ស្តែងក្រោយថ្ងៃទី ៧ ខែតុលា ពួកយើងចាប់ផ្តើមរងគ្រោះ ។
ចំណែកឯលោក Saad al-Dabour គឺជាវីស្វករនៅសាលាក្រុង Jabaliaនិយាយថា ទីក្រុងមួយនេះធ្លាប់មានទឹកអណ្តូងច្រើនណាស់ ។
លោកថា នៅទីក្រុង Jabalia មានអណ្តូងធំៗចំនួន ៣០អណ្តូង ដែលមានសមត្ថភាពផលិតទឹក១០០ម៉ែត្រគូបក្នុង ១ម៉ោង ប៉ុន្តែអកុសល អណ្តូងប្រមាណ ២៥អណ្តូង បានរងការបំផ្លិចបំផ្លាញទាំងស្រុង ហើយមានអណ្តូងតែ ៥អណ្តូងប៉ុណ្ណោះ នៅសេសសល់សម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋ ក្នុងនោះ ៨០ភាគរយនៃបណ្តាញទឹក និងលូ ត្រូវបានបំផ្លិចបំផ្លាញផងដែរ ៕