ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi នៅថ្ងៃសុក្រ (ទី៧ ខែកុម្ភៈ) បាននិយាយថា ចំនួននៃការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលត្រូវបានកាន់កាប់ដោយរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន បានកើនឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី។
សម្ដីរបស់លោក Grossi បានកើតមានឡើងបន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុងមូស្គូជាមួយលោក Alexei Likhachev ប្រធានសាជីវកម្មនុយក្លេអ៊ែរ Rosatom របស់រុស្ស៊ី។
កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងរោងចក្រនេះភ្លាមៗ បន្ទាប់ពីដើមដំបូងនៃសង្រ្គាមជាមួយអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ហើយទីក្រុងមូស្គូ បានប្រាប់ថា តំបន់ Zaporizhzhia ដែលខ្លួនមិនអាចគ្រប់គ្រងបានទាំងស្រុងនោះ ឥឡូវនេះ គឺជាផ្នែកនៃប្រទេសរុស្ស៊ី ជាការអះអាងដែលទីក្រុងគីវ ច្រានចោល។
បន្ទាប់ពីមានកិច្ចពិភាក្សា Grossi-Likhachev ក្រុមហ៊ុន Rosatom បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អ៊ុយក្រែនកំពុងធ្វើការវាយប្រហារឥតឈប់លើ Energodar ដែលជាទីក្រុងនៅកៀកបំផុតនឹងរោងចក្រនុយក្លេអ៊ែរនេះ។
ប៉ុន្តែលោក Grossi ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន TASS ដែលបានលើកឡើងថា មិនអាចកំណត់ថា តើភាគីណាមួយកំពុងធ្វើការវាយប្រហារដោយផ្អែកលើការពិនិត្យបំណែកយានដ្រូនបានឡើយ។
លោក Grossi ត្រូវបានដកស្រង់សម្តីដែលនិយាយថា៖ «បំណែកតូចៗនៃប្លាស្ទិក ឬកម្ទេចឈើដែលបន្សល់ទុកដោយយានដ្រូន មិនអាចឲ្យយើងនិយាយ អំពីប្រភពដើមនៃបំណែកទាំងនេះទេ។ តែយ៉ាងណាក្ដី ខ្ញុំសូមធានាចំពោះអ្នកទាំងអស់គ្នាថា ខ្ញុំកំពុងលើកឡើងពីបញ្ហាទាំងនេះ នៅឯការពិភាក្សាអន្តរជាតិកម្រិតខ្ពស់បំផុត»៕