រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri នៅថ្ងៃសុក្រ (ទី៧ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ហើយជួបពិភាក្សាជាមួយប្រធានាធិបតី លោក Donald Trump។
ដំណើរទស្សនកិច្ចនេះកើតឡើងបន្ទាប់ពីមានការអញ្ជើញពីលោក Trump ហើយធ្វើឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកបានវិលត្រលប់ទៅគ្រប់គ្រងសេតវិមានវិញ សម្រាប់អាណត្តិទី២ របស់លោក។ ហើយវាក៏កើតឡើងផងដែរនៅពេលដែលរដ្ឋាភិបាលរបស់លោក Modi កំពុងប្រឈមនឹងការរិះគន់ពីការប្រព្រឹត្តិ ចំពោះជនអន្តោប្រវេសន៍ឥណ្ឌា ១០៤នាក់ ដែលត្រូវបាននិរទេសដោយទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ជាផ្នែកនៃរបៀបវារៈអន្តោប្រវេសន៍របស់លោក Trump។
ហើយជាមួយគ្នានេះ លោក Misri បាននិយាយថា លោក Modi នឹងធ្វើទស្សនកិច្ចនៅប្រទេសបារាំង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
លោក Trump បាននិយាយជាមួយលោក Modi កាលពីថ្ងៃទី២៧ ខែមករា នៅពេលដែលលោកបានពិភាក្សា អំពីបញ្ហាអន្តោប្រវេសន៍ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទិញឧបករណ៍សន្តិសុខដែលផលិតដោយអាមេរិកបន្ថែមទៀត និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ប្រកបដោយយុត្តិធម៌៕