ប្រទេសអូស្ត្រាលីបានបង់ប្រាក់ចំនួន ៥០០លានដុល្លារជាលើកដំបូងរបស់ខ្លួន ឲ្យទៅសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សម្ព័ន្ធ AUKUS មុនពេលមានកិច្ចប្រជុំ រវាងប្រមុខការពារជាតិរបស់ប្រទេសទាំង២ នៅថ្ងៃសុក្រ (ទី៧ ខែកុម្ភៈ) នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថា កាយវិការនេះ បង្ហាញថា ទីក្រុងកង់បេរ៉ា កំពុងរួមចំណែកយ៉ាងយុត្តិធម៌ និងសមរម្យ ក្នុងនាមជាដៃគូសន្តិសុខ។
លោក Marles នឹងក្លាយជាសមភាគីបរទេសដំបូងដែលត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ចាប់តាំងពីរូបលោកត្រូវបានបញ្ជាក់កាន់តួនាទីនេះ។ គេរំពឹងថា រដ្ឋមន្ត្រីទាំង២ នឹងពិភាក្សាអំពីសន្តិសុខ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការបង្កើនវត្តមានយោធាអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី។
គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀង AUKUS អូស្ត្រាលីនឹងចំណាយប្រាក់ចំនួន ៣ពាន់លានដុល្លារ ដើម្បីលើកកម្ពស់សមត្ថភាពឧស្សាហកម្មនាវាមុជទឹករបស់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោន នឹងលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Virginia មួយចំនួនទៅឲ្យអូស្ត្រាលី ខណៈដែលបន្ទាប់មក ចក្រភពអង់គ្លេស និងអូស្ត្រាលី នឹងសាងសង់នាវាមុជទឹកប្រភេទថ្មីរបស់សម្ព័ន្ធ AUKUS។
ប្រទេសអូស្ត្រាលីបានផ្ទេរប្រាក់ចំនួន ៥០០លានដុល្លារ បន្ទាប់ពីមានការជជែកតាមទូរសព្ទ រវាងលោក Marles និងលោក Hegseth កាលពីថ្ងៃទី២៩ ខែមករា៕