នៅថ្ងៃសុក្រនេះ ប៉ាគីស្ថាន បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹកពហុជាតិ “AMAN” នៅទីក្រុងការ៉ាឈឺ ក្នុងនោះសហរដ្ឋអាមេរិក ចិន អ៊ីរ៉ង់ រុស្ស៊ី ជប៉ុន និងអូស្រ្តាលី ស្ថិតនៅក្នុងចំណោមកងទ័ពជើងទឹកបរទេសដែលបានចូលរួមសមយុទ្ធនេះ ។
ក្រុមមន្រ្តីកងទ័ពជើងទឹកប៉ាគីស្ថាន និយាយថា ព្រឹត្តការណ៍ ២ឆ្នាំម្តង “'Exercise AMAN 2025”ត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យល្អប្រសើរសន្តិសុខសមុទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមប្រទេសចូលរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងក្នុងតំបន់ និងសកលលោក ។
ទង់ជាតិប្រទេសចូលរួម ត្រូវបានបង្ហូតជាមួយទង់ជាតិប៉ាគីស្ថាននៅក្នុងពិធីបើកសមយុទ្ធជាផ្លូវការនៅការដ្ឋានសាងសង់នាវាកងទ័ពជើងទឹកប៉ាគីស្ថាន នាថ្ងៃសុក្រនេះ ។
លោកឧត្តមនាវីទោ Abdul Munib គឺជាមេបញ្ជាការកងនាវាប៉ាគីស្ថាន បានធ្វើការសង្កត់ធ្ងន់ពីសារៈសំខាន់នៃប្រតិប្តតិការរួមគ្នា និងស្ថិរភាពកងទ័ពជើងទឹក នៅក្នុងសុន្ទរកថាបើកសមយុទ្ធរបស់លោក ។
លោកបានលើកឡើងផងដែរពីសមាសភាព “កិច្ចសន្ទនាសន្តិភាព”ដែលជាវេទិកាមួយសម្រាប់កងទ័ពជើងទឹក និងក្រុមមេដឹកនាំឆ្មាំល្បាតឆ្នេរនៅជុំវិញពិភពលោក ដើម្បីពិភាក្សាលើក្តីកង្វល់សមុទ្រ ។
សូមបញ្ជាក់ថា សមយុទ្ធកងទ័ពជើងទឹកពហុជាតិមានរយៈពេល ៥ថ្ងៃនេះ គ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃអង្គារ ទី ១១ ខែកុម្ភៈខាងមុខ ៕