យោងតាមការអះអាងរបស់ការិយាល័យការពារភព បានឲ្យដឹងថា ផ្កាយព្រះគ្រោះដែលមាននូវឱកាសតិចតួចបុកផែនដីនៅឆ្នាំ ២០៣២ ត្រូវបានតាមដានយ៉ាងដិតដល់ដោយទីភ្នាក់ងារអវកាសអឺរ៉ុប(ESA) ។
ផ្កាយព្រះគ្រោះ 'Asteroid 2024 YR4 មានឱកាសជិត ៩៩ភាគរយឆ្លងផុតផែនដីដោយសុវត្ថិភាពនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០៣២ ប៉ុន្តែផលប៉ះពាល់របស់វា ពុំត្រូវបានច្រានចោលទាំងស្រុងនោះទេ ។
ផ្កាយព្រះគ្រោះមួយនេះ ត្រូវបានទទួលស្គាល់លើកដំបូងថាជាការគំរាមកំហែងកាលពីខែធ្នូ ឆ្នាំ ២០២៤ ដោយតេឡេស្កូប ATLAS នៅទីក្រុង Río Hurtado ប្រទេសឈីលី ។ បច្ចុប្បន្នវាបានធ្វើដំណើរចាកចេញពីផែនដីហើយ ប៉ុន្តែវានឹងវិលត្រឡប់មកវិញនៅឆ្នាំ ២០២៨ ។
លោក Juan Luis Cano គឺជាអ្នកស្រាវជ្រាវរបស់ការិយាល័យការពារភព និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រោយការរកឃើញ ជាទូទៅពួកយើងចាប់ផ្តើមប្រមូលការវាស់បន្ថែមទៀត ការអង្កេតបន្ថែមទៀត ហើយភ្លាមៗនោះ ពួកយើងបានដឹងថា វាគឺជាផ្កាយព្រះគ្រោះ មានឱកាសផលប៉ះពាល់លើផែនដីនៅខែធ្នូ ឆ្នាំ ២០៣២ ។
ដង់ស៊ីតេ និងទម្រង់របស់វា ពុំត្រូវបានដឹងនោះទេ ប៉ុន្តែវាមានប្រវែងចម្លោះប្រហែលពី ៤០ម៉ែត្រនិង ៩០ម៉ែត្រ ដោយធ្វើដំណើរក្នុងល្បឿនលឿនជាងគ្រាប់កាំភ្លើង ១៥ដង ៕