ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ លោក-លោកស្រី ជាអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ ប្រធាន/សមាជិកសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ និងសាធារណជន ទូទៅឱ្យបានជ្រាបថា “ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសួនហាត់ប្រាណ មាត់ស្ទឹងសៀមរាប ខេត្តសៀមរាប។
នៅក្នុងសេចក្តីជូនដំណឹង ក្រសួងពាណិជ្ជកម្ម បានសសេរឲ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍នេះនឹងរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗចំនួន៤ មានដូចជា៖ ១-ជំរុញផលិតកម្មក្នុងស្រុក ២-បន្តគាំទ្រផលិតផលខ្មែរ ៣-អភិវឌ្ឍន៍វិស័យឯកជន និង៤-បង្កើតវេទិកាផ្គូផ្គងពាណិជ្ជកម្មរវាងសហគមន៍ កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ជាមួយនឹងអ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា ស្របតាមផែនការសកម្មភាពការងាររបស់ក្រសួងពាណិជ្ជកម្ម និងស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់អាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ចូលរួមដាក់តាំងបង្ហាញផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម ដើម្បីឈានទៅការចុះកិច្ចសន្យាទិញ-លក់ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ។
សម្រាប់ការចុះឈ្មោះចូលរួម ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គឺអាចធ្វើការទំនាក់ទំនងទៅកាន់នាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប៕









