ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ថា ទាហានកូរ៉េខាងជើង បានត្រឡប់ទៅកាន់សមរភូមិជួរមុខវិញក្នុងតំបន់ Kursk របស់រុស្ស៊ី បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងមូស្គូ បានដកពួកគេចេញដោយសារតែការបាត់បង់ជីវិតជាច្រើននាក់។
យោងតាមការស៊ើបអង្កេតរបស់ប្រទេសកូរ៉េខាងត្បូងនិងលោកខាងលិច បានឲ្យដឹងថា ទាហានជាង១០.០០០នាក់ មកពីរដ្ឋឯកកោ ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ដើម្បីជួយប្រទេសនេះប្រយុទ្ធទប់ទល់ការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ព្រំដែន។
អ្នកនាំពាក្យយោធាអ៊ុយក្រែន បានប្រាប់សារព័ត៌មាន AFP ថាទីក្រុងគីវ ពុំបានជួបប្រទះសកម្មភាព ឬការប៉ះទង្គិចជាមួយកងទ័ពកូរ៉េខាងជើង រយៈពេលបីសប្តាហ៍មកហើយ។
លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថារបស់លោក ថា «មានការវាយលុកថ្មីនៅក្នុងតំបន់ប្រតិបត្តិការ Kursk ដែលកងទ័ពរុស្ស៊ី និងទាហានកូរ៉េខាងជើង បានរួមគ្នាប្រយុទ្ធជាថ្មីម្តងទៀត»។
មេដឹកនាំអ៊ុយក្រែន បាននិយាយថា «ចំនួនដ៏ច្រើន» នៃកងទ័ពសត្រូវ ត្រូវបានបំផ្លាញ។ យើងកំពុងនិយាយអំពីទាហានរុស្ស៊ី និងកូរ៉េខាងជើងរាប់រយនាក់។
ទីក្រុង Kyiv ដណ្តើមយកបានទីតាំងលំនៅ នៅតាមព្រំដែនរាប់សិបកន្លែងនៅក្នុងការវាយលុកនៅតំបន់Kursk កាលពី៦ខែកន្លងទៅនេះ ជាលើកដំបូង ដែលកងទ័ពបរទេសបានឆ្លងចូលទៅក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
ការដាក់ពង្រាយកងទ័ពរបស់កូរ៉េខាងជើង ដែលពុំត្រូវបានបញ្ជាក់ជាផ្លូវការដោយទីក្រុងមូស្គូ ឬទីក្រុងព្យុងយ៉ាង ត្រូវបានគេសន្និដ្ឋានថា ជួយពង្រឹងកងទ័ពរុស្ស៊ី និងជួយពួកគេបណ្តេញកងទ័ពអ៊ុយក្រែន។


