ក្រុមហាម៉ាស កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ បានប្រកាសឈ្មោះចំណាប់ថ្នូរអ៊ីស្រាអែលបីនាក់ ដែលត្រូវបានដោះលែងនៅថ្ងៃសៅរ៍នេះ ជាការដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន បន្ទាប់ពីការពន្យារពេលដែលបញ្ជាក់ពីឧបសគ្គជុំវិញកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សាដ៏ផុយស្រួយ ។
ក្រុមហាម៉ាសបាននិយាយថា ចំណាប់ថ្នូរ២ដែលត្រូវដោះលែង ត្រូវបានចាប់ពីតំបន់ Kibbutz Be'eri ក្នុងអំឡុងពេលនៃការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសឆ្លងព្រំដែន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ហើយម្នាក់ទៀតត្រូវបានចាប់ពង្រត់នៅថ្ងៃតែមួយនោះពី ពិធីបុណ្យតន្ត្រី Nova ដែលនឹងត្រូវប្រគល់ឲ្យ នៅថ្ងៃសៅរ៍នេះ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃអ្នកទោសក្រុមហាម៉ាស បាននិយាយថា អ៊ីស្រាអែល ត្រូវបានគេរំពឹងថានឹងដោះលែងពលរដ្ឋប៉ាឡេស្ទីន១៨៣នាក់ជាថ្នូរនៃការដោះដូរនេះ ដែលក្នុងនោះមាន១៨នាក់ ត្រូវកាត់ទោសជាប់ពន្ធនាគារមួយជីវិត។
កាលពីពេលមុនេះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់របស់ខ្លួន ហើយបានបញ្ឈប់ការប្រកាសឈ្មោះជនជាតិអ៊ីស្រាអែលទាំងបីនាក់។
វាមិនច្បាស់ភ្លាមៗនោះទេ ថាតើការពន្យារពេលនេះនឹងប៉ះពាល់ដល់ការដោះដូរតាមការគ្រោងទុកនៅថ្ងៃសៅរ៍នេះ ឬយ៉ាងណា។
ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលពីការពន្យារពេលនៃការដឹកជញ្ជូនស្បៀង និងការផ្គត់ផ្គង់មនុស្សធម៌ផ្សេងទៀតតាមរថយន្តរាប់រយគ្រឿង ដែលបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីថ្ងៃទី១៩ ខែមករា ។