សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ បានប្រកាសការអនុម័តលើការលក់គ្រាប់បែក មីស៊ីល និងឧបករណ៍ពាក់ព័ន្ធមានតម្លៃជាង ៧,៤ ពាន់លានដុល្លារ ទៅឱ្យប្រទេសអ៊ីស្រាអែលដែលប្រើប្រាស់អាវុធផលិតដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញក្នុងអំឡុងសង្គ្រាមនៅតំបន់ហ្កាហ្សា។
យោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បានឱ្យដឹងថា ក្រសួងការបរទេស បានចុះហត្ថលេខាបញ្ចប់ការលក់ក្នុងតម្លៃ៦,៧៥ពាន់លានដុល្លារអាមេរិក ជាប្រភេទគ្រាប់បែក មីស៊ីលរាវរកគោលដៅ និងគ្រាប់កាំភ្លើងធំ បន្ថែមលើ៦៦០លានដុល្លារអាមេរិកសម្រាប់មីស៊ីល Hellfire។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការលក់គ្រាប់បែកដែលត្រូវបានស្នើសុំ «ធ្វើអោយប្រសើរនូវសមត្ថភាពរបស់អ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ននិងនៅពេលអនាគត ពង្រឹងការការពារមាតុភូមិរបស់ខ្លួន និងសម្រាប់ការទប់ស្កាត់ការគំរាមកំហែងក្នុងតំបន់»។
ការលក់មីស៊ីលនេះ នឹងធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់អ៊ីស្រាអែលក្នុងការទប់ទល់ការគំរាមកំហែង ដោយធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល ក្នុងការការពារព្រំដែនអ៊ីស្រាអែល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងប្រជាជនរបស់ខ្លួន។