ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នៅសេតវិមាន កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ និងបាននិយាយថា ប្រទេសទាំងពីរនឹងធ្វើការដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងតូក្យូ ក្នុងពេលមានភាពតានតឹងពាណិជ្ជកម្មកំពុងកើនឡើង ដែលគំរាមកំហែងដល់ភាពរង្គោះរង្គើរនៃសេដ្ឋកិច្ចពិភពលោក។
នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរ លោក Trump បានប្រកាសពីវឌ្ឍនភាពលើកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់១៤,៩ពាន់លានដុល្លារដែលត្រូវបានរារាំងដល់ក្រុមហ៊ុន Nippon Steel ដើម្បីទិញយកក្រុមហ៊ុនដែកថែបអាមេរិក(US Steel) ដែលលោកបានជំទាស់ជាយូរមកហើយ។ លោក Trump បាននិយាយថា ក្រុមហ៊ុន Nippon បច្ចុប្បន្ននេះកំពុងសម្លឹងមើល «ការវិនិយោគ ពុំមែនជាការទិញនោះទេ» ហើយបានបន្ថែមថា លោកយល់ព្រមចំពោះការវិនិយោគនេះ ប្រាកដណាស់។
លោក Ishiba បន្ទាប់ពីជំនួបលើកដំបូងរបស់លោក ជាមួយលោក Trump បាននិយាយថា លោកបានបង្ហាញពីឆន្ទៈក្នុងការសហការដើម្បីបង្កើនការវិនិយោគរបស់ប្រទេសជប៉ុន នៅសហរដ្ឋអាមេរិកដល់ ១ សែនកោដ៍ដុល្លារ។ លោក បានបង្ហាញពីផែនការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Toyota និងក្រុមហ៊ុន Isuzu ព្រមទាំងសម្រាប់ប្រទេសជប៉ុនដើម្បីបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវពីសហរដ្ឋអាមេរិកផងដែរ។
ខណៈមេដឹកនាំទាំងពីរ ពិភាក្សាគ្នានៅក្នុងការិយាល័យ Oval Office លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នាដើម្បីធ្វើឱ្យឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន ធ្លាក់ចុះ ពីកម្រិតបច្ចុប្បន្ន។