ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ សកម្មភាព របស់កងកម្លាំងបញ្ជាការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩៩ បូមទឹកដាក់ស្រែប្រាំងប្រជាកសិករនៅតាមបណ្តាឃុំនានា នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏ដូចជាអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុនៃក្រសួងការពារជាតិនោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បានដឹកនាំកម្លាំងទ័ពចំនួន១៥០នាក់ រួមនិងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ទុយោបូមទឹក ចប បង្គី និងសម្ភារៈចាំបាច់មួយចំនួន ចុះជួយអន្តរាគមន៍ដោយផ្ទាល់ជាមួយអាជ្ញាធរស្រុកចន្ទ្រា ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលកំពុងប្រឈមនិងកង្វះទឹកស្រោចស្រព ស្ថិតនៅឃុំសំរោង ឃុំទួលស្តី និងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំង សរុបចំនួន៤៧៤២ហិកតា៕




