ប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) លោក Tomoko Akane បានថ្កោលទោសក្រឹត្យរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើមន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ។ សេចក្តីថ្លែងការណ៍របស់ លោក Akane បាននិយាយថា ចំណាត់ការបែបនេះ គំរាមកំហែងដល់ឯករាជ្យភាព ភាពមិនលំអៀងរបស់តុលាការ និងតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃអំពើឃោរឃៅជាសកល។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានអនុញ្ញាតឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការធ្វើដំណើរ ដែលដាក់គោលដៅលើអ្នកដែលធ្វើការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ លើពលរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជាអ៊ីស្រាអែល ដោយមានចំណាត់ការដដែល ដូចដែលលោកបានធ្វើ ក្នុងអាណត្តិដំបូងរបស់លោក។
ចំណាត់ការនេះ គឺជាការតវ៉ាប្រឆាំងដីកាចាប់ខ្លួនរបស់តុលាការសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ហើយបានធ្វើឡើង ខណៈមេដឹកនាំអ៊ីស្រាអែល កំពុងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍របស់ លោក Akane បានថ្កោលទោសការដាក់ទណ្ឌកម្មនេះ និងបាននិយាយថា តុលាការ ICC ឈរយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលិករបស់ខ្លួន ហើយសន្យាថានឹងបន្តផ្តល់យុត្តិធម៌ និងក្តីសង្ឃឹមដល់ជនរងគ្រោះស្លូតត្រង់រាប់លាននាក់នៃអំពើឃោរឃៅនៅទូទាំងពិភពលោក ក្នុងគ្រប់ស្ថានភាពទាំងអស់នៅចំពោះមុខ។
ទន្ទឹមនឹងនេះ ប្រទេសរាប់សិប បានព្រមានកាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ថាការដាក់គោលដៅរបស់ប្រធានាធិបតីសហដ្ឋអាមេរិក លោក Donald Trump លើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយការដាក់ទណ្ឌកម្ម អាច «បង្កើនហានិភ័យនៃនិទណ្ឌភាពសម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត»។
បណ្តាប្រទេសដែលមានសមាជិកប្រហែលពីរភាគបីនៃតុលាការ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ទណ្ឌកម្មនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រប់ស្ថានភាពទាំងអស់ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត»។