ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយកាលពីថ្ងៃសុក្រ (០៧ កុម្ភៈ) ថា ប្រទេសម៉ិកស៊ិក បានទទួលជនអន្តោប្រវេសន៍ជិត ១១.០០០នាក់ ដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី២០ ខែមករា នៅពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែង ដោយបញ្ជាក់ថា តួលេខនោះរួមមានអ្នកមិនមែនជនជាតិម៉ិកស៊ិកប្រហែល ២.៥០០នាក់។
នៅដើមសប្ដាហ៍នេះ លោកស្រី Sheinbaum បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយលោក Trump ដើម្បីផ្អាកការគំរាមកំហែងដំឡើងពន្ធលើទំនិញម៉ិកស៊ិក ជាថ្នូរនឹងការដាក់ពង្រាយនគរបាលឆ្មាំជាតិរាប់ពាន់នាក់ទៅកាន់ព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយអាមេរិក ក្នុងបំណងកាត់បន្ថយលំហូរជនអន្តោប្រវេសន៍ ដែលសម្រុកចូលព្រំដែនអាមេរិកបន្ថែមទៀត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានពេលព្រឹកជាប្រចាំរបស់ខ្លួន លោកស្រី Sheinbaum បានបន្ថែមថា ម៉ិកស៊ិកក៏បានធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ជាច្រើនទៅកាន់ប្រទេសហុងឌុយរ៉ាស តាមរយៈជើងហោះហើរ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវគោកផងដែរ ដោយសង្កត់ធ្ងន់ថា ការធ្វើមាតុភូមិនិវត្តន៍នោះមិនត្រូវធ្វើឡើងតាមរយៈការបង្ខំទេ។
គួររម្លឹកថា លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយនៅថ្ងៃទី២០ ខែមករា ដោយប្រកាសភាពអាសន្នជាតិនៅតាមព្រំដែនជាមួយម៉ិកស៊ិក។ មេដឹកនាំអាមេរិករូបនេះបានអះអាងថា ជំហាននេះនឹងអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ជូនទាហានទៅព្រំដែនម៉ិកស៊ិក "ដើម្បីទប់ទល់ការឈ្លានពានដ៏មហន្តរាយពីជនអន្តោប្រវេសន៍ទៅលើសហរដ្ឋអាមេរិក"៕

