ទីភ្នាក់ងារជំងឺអេដស៍របស់អង្គការសហប្រជាជាតិ UNAIDS បាននិយាយកាលពីថ្ងៃសុក្រ (០៧ កុម្ភៈ) ថា មនុស្សជាង ៦លាននាក់អាចស្លាប់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ក្នុងរយៈពេល ៤ឆ្នាំខាងមុខ ប្រសិនបើរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដកមូលនិធិសកលរបស់ខ្លួនសម្រាប់កម្មវិធីនេះ។
នាយកប្រតិបត្តិរងនៃអង្គការ UNAIDS លោកស្រី Christine Stegling បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ទោះបីជាការលើកលែងត្រូវបានដាក់លើកម្មវិធីមេរោគអេដស៍ ឬជំងឺអេដស៍ នៅក្នុងការបង្កកមូលនិធិជំនួយបរទេសកាលពីខែមុនក៏ដោយ ក៏ក្ដីបារម្ភជាច្រើននៅតែមានអំពីអនាគតនៃកម្មវិធីព្យាបាលជំងឺប្រភេទនេះ។

គួរបញ្ជាក់ថា លោក Trump បានផ្អាកការបរិច្ចាគជំនួយបរទេសដែលមានតម្លៃរាប់រយលានដុល្លាររយៈពេល ៩០ថ្ងៃបន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ នៅថ្ងៃបន្ទាប់ ក្រសួងការបរទេសអាមេរិកបានចេញការលើកលែងចំពោះផែនការសង្គ្រោះបន្ទាន់សម្រាប់កម្មវិធីសង្គ្រោះជំងឺអេដស៍ (PEPFAR) ដែលជាគំនិតផ្តួចផ្តើមប្រយុទ្ធប្រឆាំងអេដស៍ឈានមុខគេរបស់ពិភពលោក សម្រាប់ជំនួយមនុស្សធម៌សង្គ្រោះអាយុជីវិត។
ខណៈពេលដែលស្វាគមន៍ការលើកលែងនេះ លោកស្រី Stegling ក៏បានសង្កត់ធ្ងន់ថាស្ថានភាពនៅតែមានភាពវឹកវរ។ ស្របពេលមានការធ្លាក់ចុះនៃមូលនិធិកាន់តែទូលំទូលាយ លោកស្រី Stegling ព្រមានថា នឹងមានកំណើន ៤០០% នៃការស្លាប់ដោយសារជំងឺអេដស៍ ពោលគឺការស្លាប់ ៦,៣លាននាក់ទាក់ទងនឹងជំងឺអេដស៍អាចនឹងកើតមានឡើង ប្រសិនបើការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់កម្មវិធីសង្គ្រោះជំងឺអេដស៍ មិនត្រូវបានអនុញ្ញាតឡើងវិញនៅចន្លោះឆ្នាំ២០២៥ និងឆ្នាំ២០២៩ ទេនោះ៕

