ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA រាយការណ៍ថា កូរ៉េខាងជើង បាននិយាយនៅថ្ងៃសៅរ៍ (០៨ កុម្ភៈ) នេះថា អាវុធនុយក្លេអ៊ែររបស់ខ្លួនមិនមែនទុកជាថ្នូរសម្រាប់ការចរចាទេ ប៉ុន្តែត្រូវបានបម្រុងទុកសម្រាប់ការប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងសត្រូវដែលគំរាមកំហែងប្រជាជនរបស់ខ្លួន និងសន្តិភាពពិភពលោក។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នៅសេតវិមានកាលពីថ្ងៃសុក្រ។ មេដឹកនាំទាំងពីររូបបានសម្តែងការប្តេជ្ញាចិត្តក្នុងការធានាឱ្យកូរ៉េខាងជើង បញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយ KCNA មិនបានលើកឡើងពីជំនួបរវាងមេដឹកនាំអាមេរិក និងជប៉ុននេះទេ ប៉ុន្តែជំនួសមកវិញ បានដកស្រង់សេចក្ដីអត្ថាធិប្បាយពីក្រុមមន្ត្រីអង្គការណាតូ និងសហភាពអឺរ៉ុប ដែលបានបញ្ជាក់ជាថ្មីពីការទាមទារឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងពីកូរ៉េខាងជើង។
KCNA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងសូមបញ្ជាក់ឱ្យច្បាស់ម្តងទៀតថា អាវុធនុយក្លេអ៊ែររបស់យើងមិនមែនជាការផ្សាយពាណិជ្ជកម្មដើម្បីចង់បានការទទួលស្គាល់ពីនរណាម្នាក់ឡើយ ហើយក៏មិនមែនជាថ្នូរចរចានោះដែរ"។
ជាមួយគ្នានេះ កូរ៉េខាងជើងមិនបានឆ្លើយតបដោយផ្ទាល់ចំពោះបំណងរបស់លោក Trump ក្នុងការបន្តទំនាក់ទំនងជាមួយមេដឹកនាំ លោក Kim Jong Un ទេ ប៉ុន្តែផ្ទុយទៅវិញ បានសង្កត់ធ្ងន់លើចេតនារបស់ខ្លួនក្នុងការ "ពង្រឹង" កងកម្លាំងនុយក្លេអ៊ែរបន្ថែមទៀត៕


