រដ្ឋាភិបាលស្តាំនិយមរបស់ប្រទេសស៊ុយអែត បាននិយាយកាលពីថ្ងៃសុក្រ (០៧ កុម្ភៈ) ថា ខ្លួននឹងស្វះស្វែងរកការរឹតបន្តឹងច្បាប់ប្រើប្រាស់កាំភ្លើង បន្ទាប់ពីមានការបាញ់ប្រហារសម្លាប់រង្គាលដ៏រន្ធត់បំផុតរបស់ប្រទេស នៅមជ្ឈមណ្ឌលអប់រំមនុស្សពេញវ័យ ដែលអ្នកវាយប្រហារហាក់ដូចជាបានប្រើប្រាស់កាំភ្លើងមានអាជ្ញាប័ណ្ណផ្ទាល់ខ្លួនជាច្រើនដើម។

មនុស្ស ១០នាក់ត្រូវបានបាញ់សម្លាប់នៅសាលា ឃែមភើស រីសប៊ើកស្ការ (Campus Risbergska) ក្នុងទីក្រុង អូរ៉េប្រូ (Orebro) កាលពីថ្ងៃអង្គារសប្ដាហ៍មុន មុនពេលបុរសដែលត្រូវបានគេជឿថាជាជនដៃដល់ - កំណត់អត្តសញ្ញាណដោយប្រភព និងប្រព័ន្ធផ្សព្វផ្សាយស៊ុយអែតថាឈ្មោះ រីកខាត អាន់ដឺសុន (Rickard Andersson) ជនជាតិស៊ុយអែតវ័យ ៣៥ឆ្នាំ - បានបាញ់សម្លាប់ខ្លួនឯង។
នគរបាលបានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្មាន់កាំភ្លើងសង្ស័យនោះគឺជាបុរសវ័យ ៣៥ ឆ្នាំ ហើយនិយាយថា មានស្ត្រី ៧នាក់ និងបុរស ៤នាក់ ដែលមានអាយុចន្លោះពី ២៨ ទៅ ៦៨ឆ្នាំ បានស្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃអង្គារនោះ រួមទាំងជនសង្ស័យផងដែរ។
រដ្ឋាភិបាលស៊ុយអែត បានយល់ស្របជាមួយអ្នកគាំទ្រស្តាំនិយមរបស់ខ្លួននៅក្នុងសភា ដើម្បីរឹតបន្តឹងដំណើរការត្រួតពិនិត្យសម្រាប់មនុស្សដាក់ពាក្យសុំអាជ្ញាប័ណ្ណកាំភ្លើង និងទប់ស្កាត់អាវុធពាក់កណ្តាលស្វ័យប្រវត្តិមួយចំនួន។ រដ្ឋាភិបាលនិយាយថា កាំភ្លើង AR-15 ដែលជាអាវុធវាយប្រហារផ្អែកលើការរចនាយោធាដែលត្រូវបានប្រើប្រាស់នៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំជាច្រើននៅសហរដ្ឋអាមេរិក គឺជាប្រភេទកាំភ្លើងដែលខ្លួនចង់ហាមឃាត់៕

