អង្គការយូនីសេហ្វ (UNICEF) បានព្រមានកាលពីថ្ងៃសុក្រ (០៧ កុម្ភៈ) ថា អំពើហឹង្សាផ្លូវភេទលើកុមារនៅក្នុងប្រទេសហៃទី បានកើនឡើងខ្លាំងនៅក្នុងឆ្នាំមុន ហើយរាងកាយរបស់ពួកគេត្រូវបានប្រែក្លាយទៅជា "សមរភូមិដ៏ឃោរឃៅ"។

ដោយពណ៌នាអំពីកំណើនហិង្សាផ្លូវភេទរវាងឆ្នាំ២០២៣-២០២៤ ថាជារឿង "គួរឱ្យភ្ញាក់ផ្អើល" អ្នកនាំពាក្យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកុមារ យូនីសេហ្វ លោក James Elder បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវថា ក្រុមប្រដាប់អាវុធបានបង្ក "ភាពភ័យរន្ធត់ដែលមិនអាចនឹកស្មានដល់លើកុមារ" នៅក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ។
ក្រុមជនអន្ធពាលដ៏មានឥទ្ធិពល ប្រដាប់ដោយអាវុធធុនធ្ងន់ដែលភាគច្រើនជួញដូរពីសហរដ្ឋអាមេរិក បានរួបរួមគ្នានៅក្នុងរដ្ឋធានីព័រអូប្រាំង របស់ហៃទី ក្រោមសម្ព័ន្ធមិត្តរួមមួយ ហើយពួកគេគ្រប់គ្រងទឹកដី ៨៥% នៃទីក្រុង នេះបើយោងតាមអង្គការសហប្រជាជាតិ។
ហៃទី ជួបប្រទះកំណើនអំពើហិង្សាធ្ងន់ធ្ងរ នៅក្នុងអ្វីដែលអង្គការសហប្រជាជាតិពណ៌នាថាជា "ហិង្សាផ្លូវភេទរីករាលដាល"។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង ១លាននាក់ ជាងពាក់កណ្តាលនៃពួកគេជាកុមារ បានភៀសខ្លួននៅក្នុងប្រទេសហៃទី ដោយសារអំពើហិង្សាដែលកំពុងបន្ត៕

