ក្រុមមន្ត្រីបាននិយាយថា ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក នៅរដ្ឋ អាឡាស្កា (Alaska) កាលពីថ្ងៃសុក្រ (០៧ កុម្ភៈ) បានរកឃើញបំណែកយន្តហោះខ្នាតតូចមួយគ្រឿងនៅលើផ្ទៃទឹកកករបស់សមុទ្រ បន្ទាប់ពីយន្តហោះនោះបានបាត់បង់រយៈកម្ពស់ភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ ហើយឧប្បត្តិហេតុធ្លាក់នេះបានសម្លាប់មនុស្សទាំង ១០នាក់នៅលើយន្តហោះ។
អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរអាមេរិក លោក Mike Salerno បានលើកឡើងថា អ្នកហែលទឹកជួយសង្គ្រោះរបស់ឆ្មាំល្បាតឆ្នេរអាមេរិក ២នាក់ដែលទៅដល់បំណែកយន្តហោះនោះ បានមើលឃើញសាកសព ៣នាក់នៅខាងក្នុង ហើយ ៧នាក់ទៀតត្រូវបានគេសន្មតថាជាប់នៅក្នុងគំនរបាក់បែក។
លោក Clint Johnson ប្រធានការិយាល័យក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិនៃរដ្ឋ Alaska បានបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានដដែលនោះថា មនុស្ស ១០នាក់បានស្លាប់។ ក្រុមមន្ត្រីនិយាយថា អាកាសធាតុរដូវរងាដ៏អាក្រក់បានរារាំងកិច្ចខិតខំប្រឹងប្រែងស្វែងរក ហើយគេអាចចំណាយពេលច្រើនម៉ោង ឬច្រើនថ្ងៃដើម្បីយកសាកសពចេញពីកន្លែងដាច់ស្រយាលនេះ។
យន្តហោះប្រភេទ Cessna 208B Grand Caravan មានអាកាសយានិកម្នាក់ និងអ្នកដំណើរពេញវ័យ ៩នាក់ ត្រូវរាយការណ៍ថាបានបាត់ខ្លួនក្នុងការធ្វើដំណើរពីក្រុង Unalakleet ប្រហែលម៉ោង ៤រសៀល (ម៉ោងក្នុងស្រុក) នៅថ្ងៃព្រហស្បតិ៍។ មន្រ្តីឆ្មាំល្បាតឆ្នេរ Alaska និយាយថា យន្តហោះនោះបានបាត់បង់រយៈកម្ពស់ និងល្បឿនយ៉ាងលឿន នេះបើយោងតាមទិន្នន័យរ៉ាដា ប៉ុន្តែមិនអាចផ្តល់ព័ត៌មានលម្អិតអំពីមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់នោះទេ៕


