អង់គ្លេស៖ បុរស ៣នាក់ត្រូវបានចាប់ខ្លួនក្រោមច្បាប់ភេរវកម្ម បន្ទាប់ពីបុរសម្នាក់បានស្លាប់នៅក្នុងការបំផ្ទុះរថយន្តនៅខាងក្រៅមន្ទីរពេទ្យស្ត្រី Liverpool នៅចក្រភពអង់គ្លេស។ រថយន្តឈ្នួលដឹកអ្នកដំណើរមួយគ្រឿងបានឆេះនៅមុនម៉ោង ១១:០០នាទីម៉ោងក្នុងស្រុក ជាពេលវេលាដែលប្រជាពលរដ្ឋទូទាំងចក្រភពអង់គ្លេសធ្វើពិធីស្ងៀមស្ងាត់រយៈពេល ២នាទីកាលពីថ្ងៃអាទិត្យរំលឹកដល់មនុស្សដែលបានស្លាប់ក្នុងសម័យសង្គ្រាម។

អ្នកដំណើរម្នាក់ត្រូវបានគេប្រកាសថាស្លាប់នៅនឹងកន្លែងកើតហេតុ ហើយមិនទាន់ស្គាល់អត្តសញ្ញាណជាផ្លូវការនៅឡើយទេ។ ចំណែកបុរសជាអ្នកបើកបរបានរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធម្មតា។ ក្រុមអ្នកស៊ើបអង្កេតមកពីអង្គភាពប្រឆាំងភេរវកម្ម North West បាននិយាយថា បុរស ៣នាក់ដែលមានអាយុ ២៩ឆ្នាំ, ២៦ឆ្នាំ និង ២១ឆ្នាំត្រូវបានឃុំខ្លួននៅផ្លូវ Sutcliffe ក្នុងតំបន់ Kensington របស់ទីក្រុង Liverpool។ ក្រុមពួកគេបាននិយាយថា ខ្លួនកំពុងបន្តរក្សាតាមដានអំពីមូលហេតុនៃការផ្ទុះនេះ ហើយកំពុងធ្វើការជាមួយអង្គភាពនគរបាល Merseyside ខណៈដែលការស៊ើបអង្កេតនៅតែបន្ត។ ចំណែកភ្នាក់ងារកងកម្លាំងសន្តិសុខ MI5 ក៏កំពុងជួយដល់ការងារនេះផងដែរ៕
អត្ថបទ៖ សុខមាន