ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ (០៧ កុម្ភៈ) បាននិយាយថា លោកប្រហែលជានឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែន ក្នុងការទប់ទល់នឹងកងកម្លាំងរុស្ស៊ី។
លោក Trump មិនបានបញ្ជាក់ឱ្យច្បាស់ទេថា តើនោះនឹងជាជំនួបទល់មុខគ្នា ឬក៏ជាសន្និសីទតាមវីដេអូឡើយ។ លោកបានលើកឡើងពីលទ្ធភាពនៃកិច្ចពិភាក្សានោះ ខណៈពេលឆ្លើយសំណួរអ្នកសារព័ត៌មាននៅការិយាល័យប្រធានាធិបតី អំឡុងពេលស្វាគមន៍លោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba។

លោក Trump បាននិយាយថា លោកប្រហែលជា "នឹងជួបជាមួយប្រធានាធិបតី Zelenskiy នៅសប្តាហ៍ក្រោយ" ហើយលោកក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជាថ្មីម្តងទៀតក្នុងការជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ផងដែរ។
នៅពេលត្រូវសាកសួរពីទីតាំងសម្រាប់កិច្ចប្រជុំបែបនេះជាមួយលោក Zelenskiy លោក Trump គ្រាន់តែឆ្លើយថា "រូបលោកនៅក្នុងទីក្រុងវ៉ាស៊ីនតោន" ហើយលោកនឹងមិនទៅអ៊ុយក្រែនទេ។ លោក Trump និយាយថា លោកចង់ពិភាក្សាជាមួយលោក Zelenskiy អំពីសន្តិសុខសម្រាប់ទ្រព្យសម្បត្តិអ៊ុយក្រែន ដូចជារ៉ែកម្រ និងចង់បាន "បរិមាណស្មើគ្នានៃអ្វីមួយ" ជាថ្នូរនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក៕

