អគ្គនាយករងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba លោកស្រី Yael Frenkel Nir បាននិយាយកាលពីថ្ងៃសៅរ៍ (៨ កុម្ភៈ) ថា មន្ទីរពេទ្យ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខភាពរបស់ចំណាប់ខ្មាំង ដែលនៅសេសសល់ បន្ទាប់ពីបានឃើញពីស្ថានភាពសុខភាពមិនល្អរបស់ជនជាតិអ៊ីស្រាអែលចុងក្រោយបង្អស់ដែលត្រូវបានដោះលែងពីការចាប់ឃុំឃាំងរបស់ក្រុមហាម៉ាស។
លោកស្រី បាននិយាយថា ការចំណាយពេលយូរបែបនេះ នៅក្នុង «លក្ខខណ្ឌដ៏គួរឲ្យសោកសៅ មានផលវិបាកយ៉ាងធ្ងន់ធ្ងរ ដល់សុខភាពរបស់លោក Ohad Ben Ami, Or Levy និង Eli Sharabi ដែលត្រូវបានបញ្ជូនទៅកាកបាទក្រហមអន្តរជាតិ នៅតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍ មុនពេលពួកគេ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យអ៊ីស្រាអែល ហើយបានជួបជុំគ្រួសាររបស់ពួកគេ។
ជនជាតិអ៊ីស្រាអែល មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេបានឃើញបុរសទាំងបីនាក់នោះ មានភាពស្គមស្គាំង និងខ្សោយកម្លាំង ខណៈដែលមើលការដោះលែងពួកគេ ត្រូវបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីព្រឹកថ្ងៃសៅរ៍។
លោក Ohad Ben Ami និង Eli Sharabi ដែលត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ពីតំបន់ព្រំដែន Kibbutz Be'eri ក្នុងអំឡុងពេលការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល នៅថ្ងៃទី ០៧ ខែតុលាឆ្នាំ ២០២៣ និង លោក Or Levy ដែលត្រូវបានចាប់ពង្រត់ នៅថ្ងៃនោះ ពីពិធីបុណ្យប្រគុំតន្ត្រី Nova ត្រូវបាននាំទៅកន្លែងឃុំឃាំងរបស់ក្រុមម៉ាសដោយខ្មាន់កាំភ្លើង។
បុរសទាំងបីនាក់ បានបង្ហាញខ្លួន ក្នុងស្ថានភាពអាក្រក់ជាងចំណាប់ខ្មាំង ១៨ នាក់ផ្សេងទៀត ដែលត្រូវបានដោះលែង ក្រោមបទឈប់បាញ់ដែលបានព្រមព្រៀង កាលពីខែមករា បន្ទាប់ពីសង្គ្រាមរយៈពេល ១៥ ខែ។