សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឃាត់ខ្លួនស្ត្រី ៤នាក់ ដែលត្រូវបានចោទប្រកាន់ ពីបទរៀបចំផែនការវាយប្រហារភេរវកម្ម ប្រឆាំងនឹងមន្ត្រីយោធាជាន់ខ្ពស់ និងរោងចក្រថាមពលរបស់រុស្ស៊ី។
ស្ត្រីទាំងនោះ បានធ្វើការជាភ្នាក់ងារសម្រាប់សេវាកម្មពិសេសរបស់អ៊ុយក្រែន ហើយត្រូវបានចាប់ខ្លួន នៅទីក្រុង Sevastopol, Voronezh និង Rostov-on-Don ។ នេះបើយោងតាម សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ។
សេវាសន្តិសុខនេះ បានបន្ថែមថា ខ្លួនបានរារាំងសកម្មភាពរបស់ភ្នាក់ងារ ដែលត្រូវបានជ្រើសរើសដោយអ៊ុយក្រែន «ដើម្បីប្រព្រឹត្តអំពើបំផ្លិចបំផ្លាញ និងអំពើភេរវកម្មប្រឆាំងនឹងមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិរុស្ស៊ី និងទីតាំងថាមពលជាច្រើន»។
ស្ត្រីទាំង ៤នាក់ ត្រូវបានបណ្តុះបណ្តាលនៅលើទឹកដីអ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុធ គ្រាប់មីន គ្រឿងផ្ទុះ និងយានដ្រូន។ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានផ្តួចផ្តើមសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងពួកគេក្រោមឧក្រិដ្ឋកម្មទាក់ទងនឹងភេរវកម្ម។ ស្ត្រីទាំងនោះ បានសារភាព ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ ៣០ឆ្នាំ។