ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អារ៉ាប៊ីសាអ៊ូឌីត បានអះអាងជាថ្មីនូវជំហរដ៏រឹងមាំរបស់ខ្លួន លើបញ្ហាប៉ាឡេស្ទីន ដោយប្រឆាំងយ៉ាងខ្លាំងចំពោះការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីន ចេញពីទឹកកំណើតរបស់ពួកគេ។
ព្រះរាជាណាចក្រនេះ បានចេញសេចក្តីថ្លែងការណ៍ច្បាស់លាស់ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក លោក ត្រាំ ដោយអះអាងថា៖«ក្រសួងការបរទេសបញ្ជាក់ថា ជំហររបស់អារ៉ាប៊ីសាអ៊ូឌីតលើការបង្កើតរដ្ឋប៉ាឡេស្ទីន គឺរឹងមាំនិងឥតងាករេឡើយ»។
ការបញ្ជាក់ជាថ្មីនេះ បានធ្វើឡើង បន្ទាប់ពីមានការលើកឡើងមួយផ្សេងទៀតរបស់លោក ត្រាំ ដែលបង្ហាញថា អារ៉ាប៊ីសាអ៊ូឌីត បានបន្ទន់ជំហររបស់ខ្លួន លើភាពជារដ្ឋប៉ាឡេស្ទីន នៅក្នុងបរិបទនៃកិច្ចពិភាក្សាអំពីការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល។ ផ្ទុយពីការអះអាងទាំងអស់ ព្រះរាជាណាចក្រនេះ បានរក្សាយ៉ាងខ្ជាប់ខ្ជួនថា ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដោយផ្អែកលើព្រំប្រទល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៦៧ ជាមួយទីក្រុងហ្ស៊េរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន នៅតែជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ខ្លួន។ ព្រះអង្គម្ចាស់ Mohammed bin Salman បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តនេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអារ៉ាប់-ឥស្លាម នៅទីក្រុងរីយ៉ាដ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ហើយនៅក្នុងសុន្ទរកថារបស់ព្រះអង្គ នៅឯការបើកក្រុមប្រឹក្សា Shoura ក្នុងខែកញ្ញា ឆ្នាំ ២០២៤ ដោយបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបញ្ចប់ការគ្រប់គ្រងរបស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន។