បាតុករមួយក្រុមតូច បានប្រមូលផ្តុំគ្នា នៅខាងក្រៅក្លឹបកីឡាវាយកូនហ្គោលអន្តរជាតិ Trump កាលពីថ្ងៃសៅរ៍ (ថ្ងៃទី ៨ ខែកុម្ភៈ) ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) ខណៈដែលអគ្គមេបញ្ជាការរូបនេះ បានសម្រាកលំហែកម្សាន្ត នៅក្លឹប នេះ។
ដោយកាន់បដានិងទង់ជាតិម៉ិកស៊ិក កាតេម៉ាឡា និងសហរដ្ឋអាមេរិក អ្នកតវ៉ាមួយក្រុម បានស្រែកខ្លាំងៗថា «ជនអន្តោប្រវេសន៍ ធ្វើឲ្យអាមេរិកអស្ចារ្យ» ហើយបានមើលឃើញថា លោក ត្រាំ ដែលបានចំណាយពេលជាច្រើនម៉ោង នៅក្នុងក្លឹបវាយកូនហ្គោលនេះ បានចាកចេញដោយជិះរថយន្តរបស់លោក នៅរសៀល ថ្ងៃសៅរ៍។
ការស្រែកបន្ទររបស់ពួកគេ គឺសំដៅទៅលើពាក្យស្លោកយុទ្ធនាការ «ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត» របស់លោកប្រធានាធិបតី។
បដាមួយសរសេរជាភាសាអេស្ប៉ាញ បានលើកឡើងថា៖«យើងគឺជាសំឡេងរបស់ប្រជាជន ដែលត្រូវបានបង្ខំឲ្យនៅស្ងៀម»។
លោក ត្រាំ ដែលបានកាន់តំណែងទើបតែបានបីសប្តាហ៍ បានឈ្នះតំណែងជាប្រធានាធិបតី មួយផ្នែកធំ ដោយសារការសន្យាថា នឹងបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់។
លោកបានអនុវត្តការសន្យានោះយ៉ាងរហ័ស ដោយចាប់ផ្តើមពីថ្ងៃ ដែលលោក ចូលកាន់តំណែង ដោយប្រគល់ភារកិច្ចឲ្យយោធាអាមេរិកជួយសន្តិសុខតាមព្រំដែន ចេញបម្រាមដ៏ទូលំទូលាយ លើសិទ្ធិជ្រកកោន និងស្វែងរកការរឹតត្បិតការផ្តល់សញ្ជាតិសម្រាប់កុមារ ដែលកើតនៅលើទឹកដីសហរដ្ឋអាមេរិក។