យោងតាមការស៊ើបអង្កេតបឋមរបស់រដ្ឋាភិបាលក្នុងតំបន់ បានឲ្យដឹងថា មនុស្ស ២៩នាក់ ត្រូវបានបញ្ជាក់ថា បានបាត់ខ្លួន គិតត្រឹមម៉ោង០:00 ថ្ងៃអាទិត្យ បន្ទាប់ពីបំណាក់ដី បានវាយប្រហារខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។
គ្រោះមហន្តរាយនេះ បានកើតឡើង នៅម៉ោងប្រហែល ១១:៥០ កាលពីថ្ងៃសៅរ៍ នៅក្នុងភូមិ Jinping ស្រុក Junlian ក្នុងទីក្រុង Yibin ។
មន្ត្រីមកពីរដ្ឋបាលទីក្រុង Yibin បានប្រកាសទិន្នន័យ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអាទិត្យនេះ ដោយបញ្ជាក់ថា ចំនួនចុងក្រោយ កំពុងត្រូវបានផ្ទៀងផ្ទាត់។ ពួកគេក៏បានបញ្ជាក់ផងដែរថា មនុស្សពីរនាក់ត្រូវបានគេជួយសង្គ្រោះ នៅពេលរសៀលថ្ងៃសៅរ៍ ដោយម្នាក់រងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀត រងរបួស ស្រាល។
យោងតាមអាជ្ញាធរក្រុង Yibin បានឲ្យដឹងថា បំណាក់ដីនេះ បានកប់ផ្ទះចំនួន ១១ខ្នង។ ក្រុមមន្ត្រី បានបញ្ជាក់ថា ការវិភាគជាបឋម បង្ហាញថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងស្ថានភាពភូមិសាស្ត្រ បានបង្កឲ្យ បំណាក់ដីកម្ពស់ខ្ពស់ ទៅជាលំហូរអូសយកម្ទេចកម្ទីទៅជាមួយ ហើយបច្ចុប្បន្ន បំណាក់ដីនេះ នៅតែ សកម្ម។
អ្នកស្រុកប្រហែល ២០០នាក់ ត្រូវបានជម្លៀស ទៅកាន់ទីសុវត្ថិភាព។ មន្ទីរពាក់ព័ន្ធ បានដឹកជញ្ជូនជាបន្ទាន់នូវសម្ភារៈផ្គត់ផ្គង់ និងបានធ្វើការ ដើម្បីធានានូវតម្រូវការរស់នៅជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលផ្លាស់ទីលំនៅ រួមមានអាហារ កន្លែងស្នាក់នៅ និងកម្តៅ។