ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បាននាំយក ថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសព ដែលស្លាប់ដោយសារកូវីដ-១៩ ចំនួន ២១នាក់ កាលពីថ្ងៃម្សិលមិញនេះ ។
ក្នុងឱកាសាលោក សុខ ពេញវុធ បានផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវសេចក្តីទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់បងប្អូនប្រជាពលរដ្ឋដែលបានទទួលមរណភាព បានសោយសុខក្នុងទីឋានសុគតិភព។
លោកអភិបាល បានជូនពរដល់ប្រជាពលរដ្ឋជាសាច់ញាតិគ្រួសារសព មានសុខភាបល្អ ជៀសឆ្ងាយពីជំងឺកូវីដ-១៩ ជាពិសេសចូលរួមអនុវត្ត ៣កុំ ៣ការពារ ឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា អំណោយដែលប្រគល់នាពេលនេះ ក្នុង០១គ្រួសារ ទទួលបានថវិកាចំនួន ២,០០០,០០០រៀល ៕
អត្ថបទ៖ កុម្ភះ





