ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានអះអាងថា ចំនួនមនុស្សស្លាប់នៅក្នុងប្រតិបត្តិការយោធា នៅតំបន់ហ្កា ហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ បានកើនឡើងដល់ ៤៨.១៨១នាក់ ខណៈដែលមនុស្ស ១១១.៦៣៨នាក់ បានរងរបួស។
យោងតាមក្រសួងបានឲ្យដឹងថា ករណីចំនួន ៥៧២ផ្សេងទៀត ត្រូវបានបន្ថែម ទៅក្នុងស្ថិតិស្តីពីចំនួនអ្នកស្លាប់ និងរបួស ។ ទិន្នន័យនេះ ត្រូវបានបញ្ជាក់ដោយគណៈកម្មាធិការយុត្តិធម៌ ដែលកំពុងពិនិត្យមើលរបាយការណ៍អំពីមនុស្សបាត់ខ្លួន។ ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា៖«អ្នករងរបួសចំនួន ៥នាក់ត្រូវបាននាំយកទៅមន្ទីរពេទ្យនៃដែនដីនេះ ក្នុងរយៈពេល ៤៨ម៉ោង ចុងក្រោយនេះ និងសាកសពចំនួន ២៦ នាក់ ដែលក្នុងនោះ ២២នាក់ ត្រូវបានទាញយកចេញពីក្រោមគំនរបាក់បែក។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុកនៃតំបន់ព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាច្រើននាក់។ ក្រុមហាម៉ាស បានពណ៌នាការវាយប្រហាររបស់ខ្លួនថា ជាការសងសឹកចំពោះសកម្មភាពឈ្លានពានដែលធ្វើឡើងដោយអាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារឥស្លាម Al-Aqsa នៅលើប្រាសាទភ្នំ ក្នុងទីក្រុងចាស់របស់រដ្ឋធានីហ្ស៊េរុយសាឡឹម។ ជាការឆ្លើយតប អ៊ីស្រាអែល បានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្កាហ្សា ដោយបើកការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា ក៏ដូចជាផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី មុនពេលចាប់ផ្តើមប្រតិបត្តិការជើងគោក នៅក្នុងទឹកដីប៉ាឡេស្ទីន។