សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Basem Naim បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា កិច្ចព្រមព្រៀងអ៊ីស្រាអែល និងក្រុមហាម៉ាសស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប គឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃការដួលរលំ។
យោងទៅតាមលោកបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់» និង «អាចបរា ជ័យ » ។
ទីភ្នាក់ងារព័ត៌មាននេះ បានចង្អុលបង្ហាញថា ភាគីទាំងពីរ មិនទាន់ចាប់ផ្តើមកិច្ចពិភាក្សាស្តីពីដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើម នៅថ្ងៃទី ០៣ ខែកុម្ភៈនោះ។ លោក Naim បានចោទប្រកាន់អ៊ីស្រាអែលថា បានពន្យារពេលការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនេះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីក្រុមហាម៉ាស បានចង្អុលបង្ហាញថា ក្រុមដឹកនាំរបស់ចលនានេះ «នៅតែត្រៀមខ្លួនជាស្រេច» ដើម្បីធ្វើការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ក្នុងប្រទេសកាតា ដើម្បីពិភាក្សាលម្អិតអំពីដំណាក់កាលទី២ នៃកិច្ចព្រមព្រៀង។
កាលពីថ្ងៃទី ១៥ ខែមករា ប្រទេសអេហ្ស៊ីប កាតា និងអាមេរិក បានប្រកាសថា ពួកគេ បានចុះកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ថ្នូរ ដែលឃុំខ្លួននៅតំបន់ហ្កាហ្សា និងប្រកាសបទឈប់បាញ់ នៅក្នុងដែនដីនេះ។ បទឈប់បាញ់ បានចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា។ ក្នុងដំណាក់កាលដំបូងរយៈពេល ៤ ២ថ្ងៃ ក្រុមហាម៉ាស ត្រូវបានគេរំពឹងថា នឹងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលចំនួន ៣៣នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនពីពន្ធនាគាររបស់អ៊ីស្រាអែល។
គួរបញ្ជាក់ផងដែរ ដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងឈប់បាញ់ ត្រូវបានគេរំពឹងថា នឹងពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរ ដែលនៅសេសសល់ និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា។