មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានរិះគន់កិច្ចសហប្រតិបត្តិការយោធាត្រី ភាគី ក្នុងចំណោមសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចំពោះការបង្កើនភាពតានតឹង នៅក្នុងតំបន់ និងបានប្តេជ្ញាចាត់វិធានការតបត រួមទាំងការបង្កើតបន្ថែមទៀតនៃកងកម្លាំងនុយក្លេអ៊ែរ។
ការលើកឡើងរបស់លោក គីម ធ្វើឡើង នៅពេលលោកថ្លែងសន្ទរកថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ក្រសួងការពារជាតិ កាលពីថ្ងៃសៅរ៍ (ថ្ងៃទី ០៨ ខែកុម្ភៈ) ដើម្បីរំលឹកដល់ថ្ងៃបង្កើតកងទ័ពរបស់ខ្លួន។
ទូរទស្សន៍រដ្ឋ KRT បានរាយការណ៍ថា ការដាក់ពង្រាយរបស់សហរដ្ឋអាមេរិកនូវគ្រឿងយុទ្ធោបករណ៍យុទ្ធសាស្ត្រនុយក្លេអ៊ែរ សមយុទ្ធសង្គ្រាម និងកិច្ចសហប្រតិបត្តិការយោធា ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង កំពុងទាក់ទាញឲ្យមានអតុល្យភាពយោធា នៅក្នុងតំបន់ និងបង្កើនបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ បរិយាកាសសន្តិសុខ។
បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃសុក្រ (ទី០៧ កុម្ភៈ) ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងមានទំនាក់ទំនងជាមួយកូរ៉េខាងជើង ខណៈដែលពួកគេ សម្តែងការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។
របាយការណ៍ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក គីម បានបញ្ជាក់ជាថ្មីនូវ «គោលនយោបាយដែលមិនកែប្រែបាន»នៃការជំរុញការបង្កើនថែមទៀតនូវកងកម្លាំងនុយក្លេអ៊ែរនេះ។