ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានជំរុញលើកកម្ពស់ស្តង់ដាអនាម័យ ភូតគាមអនាម័៧ ដើម្បីឱ្យទំនិញរបស់ប្រទេសកម្ពុជា នាំចេញទៅកាន់ទីផ្សារ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីនិងពហុភាគី។
នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងពីស្តង់ដារអនាម័យ ភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម កាលពីសប្តាហ៍មុន លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើការយល់ដឹងពីស្តង់ដារអនាម័យ ភូតគាមអនាម័យ និងស្តង់ដារបច្ចេកទេសពាណិជ្ជកម្ម ព្រោះវាជាចលករសំខាន់សម្រាប់ចូលរួមលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជាខ្លាំង ជាក់ស្តែងក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ ក្នុងជំពូកទី៧ ក៏បានលើកឡើងពីស្តង់ដារអនាម័យ និងភូតគាមអនាម័យនេះផងដែរ។
ចំពោះការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបើកច្រកទីផ្សារថ្មី ក្រសួងពាណិជ្ជកម្ម បានខិតខំចរចាទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្តមួយចំនួន រួមមាន ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។
លោកជំទាវរដ្ឋលេខាធិការ បន្តថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) ទំនិញកសិកម្មកម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន ក្នុងអត្រាពន្ធសូន្យភ្លាមស្មើនឹង ៩៧.៤៤% នៃបន្ទាត់ពន្ធគយសរុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ភាគីកូរ៉េផ្តល់ទីផ្សារឱ្យមកកម្ពុជាមានចំនួន ៩៥,០៣% ដែលក្នុងនោះភាគីកូរ៉េត្រូវលុបបំបាត់ពន្ធគយ (០%) ចំនួន ៩២.៣៧% ភ្លាមនៅពេលកិច្ចព្រមព្រៀងចូលជាធរមាន។
មានន័យថា ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកាន់តែសេរីឡើងៗ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់លើការត្រួតពិនិត្យស្តង់ដារអនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនូវសមាសភាពចង្រៃ ភូតគាមអនាម័យ និងសមាសភាពចង្រៃបង្កគ្រោះថ្នាក់ពីតំបន់មួយទៅតំបន់មួយទៀតទូទាំងប្រទេស ព្រមទាំងការនាំចេញនាំចូលឆ្លងកាត់ប្រទេសកម្ពុជាតាមគ្រប់មធ្យោបាយ ដើម្បីការពារផលិតផលកសិកម្ម និងជីវៈចំរុះ។
កត្តាទាំងនេះ ទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការធ្វើទំនើបកម្មកសិកម្ម ជាពិសេសការលើកកម្ពស់ ស្តង់ដារអនាម័យ ភូតគាមអនាម័យ អនុលោមភាពបទបញ្ញត្តិបច្ចេកទេស ការអនុវត្ត GAP (Good Agriculture Practice), GMP (Good Manufacturing Practice), ISO, HACCP ជាដើម ឱ្យស្របតាមស្តង់ដារ បទដ្ឋានអន្តរជាតិ ដើម្បីការពារសុខភាព មនុស្ស សត្វ រុក្ខាជាតិ និងអាចធ្វើការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន៕
អត្ថបទ៖ វណ្ណៈ


