លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ បាននិយាយថា លោកប្តេជ្ញាទិញ និងកាន់កាប់តំបន់ហ្កាហ្សា ប៉ុន្តែអាចអនុញ្ញាតឱ្យផ្នែកខ្លះនៃដែនដីនេះ ត្រូវបានសាងសង់ឡើងវិញដោយបណ្ដារដ្ឋផ្សេងទៀតនៅមជ្ឈិមបូព៌ា។

លោកប្តេជ្ញាទិញ និងកាន់កាប់ដែនដីហ្កាហ្សា។ ដរាបណាយើងសាងសង់ទឹកដីនេះឡើងវិញ យើងអាចប្រគល់តំបន់នេះទៅឱ្យរដ្ឋផ្សេងទៀតនៅមជ្ឈិមបូព៌ា ដើម្បីសាងសង់ផ្នែកមួយចំនួន ប្រទេសផ្សេងទៀតអាចធ្វើបាន តាមរយៈការចង្អុលបង្ហាញរបស់យើង។ ប៉ុន្តែយើងប្ដេជ្ញាធ្វើជាម្ចាស់កម្មសិទ្ធិរបស់ដែនដីជាប់ឆ្នេរសមុទ្រមួយនេះ ហើយធ្វើឱ្យប្រាកដថាក្រុមហាម៉ាស មិនវិលត្រឡប់មកវិញទេ។

លោក Trump បានធ្វើអត្ថាធិប្បាយបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង New Orleans ដើម្បីចូលរួមព្រឹត្តិការណ៍ Super Bowl ។
លោកបានបន្តថា មិនមានអ្វីត្រូវគិតច្រើនទៀតទេ ទីនោះជាកន្លែងត្រូវវាយកម្ទេចចោល។ កន្លែងដែលនៅសេសសល់នឹងត្រូវកម្ទេចចោល។
លោក Trump ក៏បាននិយាយផងដែរថា លោកបើកចំហចំពោះលទ្ធភាពនៃការអនុញ្ញាតឱ្យជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួនចូលទៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែនឹងពិចារណាលើសំណើបែបនេះដោយផ្អែកលើករណីនីមួយៗ៕