បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិជាច្រើន បានបន្តនាំគ្នាទៅដើរលេងកម្សាន្ត នៅលើផ្លូវថ្មើរជើងថ្មី (Walk street) ក្នុងសប្តាហ៍ទី២ ។
នាព្រលប់ថ្ងៃអាទិត្រ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ ដែលជាថ្ងៃទី០៤ ក្នុងសប្តាហ៍ទី២ នៃការដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងថ្មី (Walk street) គេសង្កេតឃើញកំណើន នៃការចូលទៅដើរលេងកម្សាន្តកាន់តែអ៊ូរអរ និងកុះករបំផុត បន្ទាប់ពីប្រជាពលរដ្ឋ និងបណ្តាភ្ញៀវជាតិ-អន្តរជាតិ បានទទួលព័ត៌មានកាន់តែទូលំទូលាយ អំពីការបើកដំណើរការផ្លូវជាបណ្តោះអាសន្ន នៅតំបន់ដែលមានការទាក់ទាញទស្សនីយ៍ភាពដ៏សម្ខាន់ ក្នុងរាជធានីភ្នំពេញមួយនេះ ។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ត្បិត២សប្តាហ៍មកនេះ ជាការដាក់ដំណើរការសាកល្បងក៏ពិតមែន ប៉ុន្តែពី១សប្តាហ៍ទៅ១សប្តាហ៍ កំណើនទេសចរណ៍កាន់តែកើនឡើងជាបន្តបន្ទាប់ ។ ខណះភ្ញៀវកាន់តែមកកម្សាន្តច្រើនផងនោះ កិច្ចការងារសន្តិសុខសុវត្ថិភាព របៀបរៀបរយសាធារណះ ក៏ដូចជាបរិស្ថានអនាម័យ ក៏ជាការងារស្នូលដ៏សម្ខាន់របស់អាជ្ញាធររាជធានីដែលចាំបាច់ត្រូវគិតគូរ និងរក្សាឱ្យបានផងដែរ ។
ពលរដ្ឋ សម្តែងការពេញចិត្ត និងគាំទ្រ ចំពោះការរៀបចំឱ្យមានផ្លូវង្មើរជើងថ្មីនេះ ដែលបានផ្តល់នូវទីធ្លាដ៏ធំទូលាយ អាចអនុញ្ញាត្តិឱ្យមនុស្សម្នាក់ទូទៅជាច្រើន បានដើរលេងកម្សាន្ត ក៏ដូចជាហាត់ប្រាណ នាថ្ងៃល្ងាចឡើងរៀងរាល់ចុងសប្តាហ៍ ដោយមិនព្រួយបារម្ភពីឡាន ឬម៉ូតូបើកឆ្លងកាត់លើដងផ្លូវ។
សូមបញ្ជាក់ថា ផ្លូវថ្មើរជើងថ្មី (Walk street) នឹងដាក់ឱ្យដំណើរការសាកល្បងតែ០២ថ្ងៃប៉ុណ្ណោះ ក្នុង១សប្តាហ៍ គឺនៅរៀងរាល់ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្រ ។
ការដាក់ឱ្យដំណើរការសាកល្បងក្នុងជំហានដំបូងនេះ គឺត្រូវបិទលំហូរចរាចរណ៍នៅលើតីរវិថីព្រះស៊ីសុវត្ថិ ដោយគិតចាប់ពីវិថីបក្សីចាំក្រុង ( ផ្លូវលេខ៩៤ ) រហូតដល់ខាងមុខព្រះបរមរាជវាំង ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ៕ អត្ថបទ ៖ លីហេង








