ស្របពេលស្ថិតក្នុងភាពត្រជាក់ខ្លាំង ក្រុមអ្នកជួយសង្គ្រោះកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីស្វែងរកអ្នកនៅរស់មានជីវិត បន្ទាប់ពីបំណាក់ដីនៅខេត្តស៊ីឈ័ន(Sichuan) ភាគនិរតីនៃប្រទេសចិន បានបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ បាត់ខ្លួន ២៨ នាក់ និងរបួស ២នាក់ ។

បំណាក់ដីបានកើតឡើងនៅម៉ោងប្រហែល ១១ និង៥០ នាទីព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍មុន នៅក្នុងភូមិ Jinping ស្រុក Junlian នៃទីក្រុងយីប៊ិន (Yibin) ។
កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមអ្នកពន្លត់អគ្គិភ័យមកពីតំបន់ជាច្រើននៅទូទាំងខេត្តស៊ីឈ័ន បានប្រមូលផ្តុំគ្នាដើម្បីបន្តប្រតិបត្តិការជួយសង្គ្រោះ។

នៅកន្លែងជួយសង្គ្រោះដែលត្រូវបានបែងចែកជាតំបន់ស្វែងរកចំនួន ១០ ទីតាំង គ្រឿងចក្រជាច្រើនត្រូវបានដាក់ពង្រាយនៅផ្នែកខាងក្រោមនៃបំណាក់ដី ខណៈក្រុមអ្នកជួយសង្គ្រោះ បានដឹកនាំសុនខស្រង់ក្លិន និងឧបករណ៍រាវរកអ្នកនៅមានជីវិត ស្វែងរកយ៉ាងម៉ត់ចត់ក្នុងបំណាក់ដី។
លោក លី ឆូ(Li Zhuo)ប្រធានកងកម្លាំងពន្លត់អគ្គិភ័យ និងជួយសង្គ្រោះប្រចាំទីក្រុង យីប៊ិន បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះប្រឈមនឹងបញ្ហាធំៗចំនួនបី គឺ អាកាសធាតុត្រជាក់ខ្លាំង និងដីសើម ផ្លូវរអិល និងផ្លូវតូចចង្អៀតដោយសារភ្លៀង និងហានិភ័យនៃបំណាក់ដីថ្មីនៅកន្លែងកើតហេតុ៕