ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀង និងក្រុមបាល់ទះក្រសួងមហាផ្ទៃ បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) នៃព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ឆ្នាំ២០២៤/២៥ ហើយ ក្រោយធ្វើបានយ៉ាងល្អ ក្នុងសប្ដាហ៍ទី១ នៃជុំទី២ ដោយបានយកឈ្នះគូប្រកួត ៣ប្រកួតជាប់គ្នារៀងៗខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ ។
សម្រាប់ជ័យជម្នះ ៣ប្រកួតដំបូង ក្នុងជុំទី២ របស់ក្រុមស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀង សុទ្ធតែបានយកឈ្នះដៃគូ ក្នុងលទ្ធផល ៣-០សិត ពោលគឺឈ្នះក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស, ក្រុមកងពលធំអន្ដរាគមន៍លេខ៣ និងក្រុមវិសាខា ។ ជ័យជម្នះនេះ នាំឲ្យក្រុមជើងឯកពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ នេះ ឈរកំពូលតារាង ដោយរកបាន ៩ពិន្ទុពេញ ។
រីឯក្រុមក្រសួងមហាផ្ទៃ រកបាន ៩ពិន្ទុស្មើគ្នា ឈរលេខរៀងទី២ បន្ទាប់ពីប្រកួតទី១ ឈ្នះក្រុមកងពលធំអន្ដរាគមន៍លេខ៣ ៣-១សិត មុនឈ្នះក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៣-០សិត និងបន្ដឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣-០សិត ។ លទ្ធផលនេះ នាំឲ្យក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងក្រសួងមហាផ្ទៃ ទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ទោះសល់ ២ប្រកួតក្នុងដៃទៀតក៏ដោយ ។
ចំណែកបេក្ខភាព ៤ក្រុមផ្សេងទៀត សុទ្ធនៅតែមានឱកាស គ្រាន់តែក្រុមខ្លះ មានឱកាសច្រើន ជាក់ស្ដែងក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងឈរលេខ៣ និងរកបាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងចាញ់ ១ ។ ដូច្នេះពួកគេត្រូវការត្រឹម ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីធានាកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ។ ឯក្រុមបញ្ជាការដ្ឋានអង្គរក្ស ឈរលេខ៤ រកបាន ៣ពិន្ទុ ។ ការណ៍នេះ ពួកគេត្រូវរង់ចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយ ដើម្បីកំណត់ជោគវាសនារបស់ខ្លួន ។
ដោយឡែក ២ក្រុមទៀត រួមមានក្រុមវិសាខា និងកងពលធំអន្ដរាគមន៍លេខ៣ កំពុងស្ថិតក្នុងតំបន់គ្រោះថ្នាក់ ដ្បិតមិនទាន់មានពិន្ទុរាប់ឡើយ ។ ដូច្នេះក្រុមទាំងពីរ ត្រូវការជ័យជម្នះដាច់ខាតពីការប្រកួត ២ប្រកួតចុងក្រោយ ដើម្បីមានឱកាសអ៊ុតកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
គួរដឹងថា ព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» រដូវកាលថ្មីនេះ គឺមានបេក្ខភាព ៨ក្រុមចូលរួមប្រកួត ដែលបានធ្វើការប្រកួតជម្រុះជុំទី១ កាលពីថ្មីៗ ហើយរកឃើញក្រុមឈរលេខ១ ដល់លេខ៦ ដើម្បីបន្ដការប្រកួតជុំទី២ ដែលជាការប្រកួតសន្សំពិន្ទុឡើយវិញ ។ បន្ទាប់មកក្រុមឈរលេខ១ ដល់លេខ៤ នៃជុំទី២ នឹងឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាវគ្គខ្វែង សម្រាប់ក្រុមលេខ១ ត្រូវជួបក្រុមលេខ៤ និងក្រុមលេខ២ ត្រូវជួបក្រុមលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះឡើងជួបគ្នា ប្រកួតដណ្ដើមជើងឯក នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា




