នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោកសាស្ត្រាចារ្យ Tetsuya Watanabe ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។
សូមជម្រាបថា កន្លងមកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានខិតខំបន្តជំរុញពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំដោយផ្ដោតលើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ បានផ្ដោតជាសំខាន់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក៏ដូចជាដាក់ចេញនូវវិធានការគន្លឹះសម្រាប់ការកែទម្រង់ក្នុងវិស័យអាទិភាពផ្សេងៗទៀត និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ និងការត្រៀមលក្ខណៈចំពោះកត្តាប្រឈមដែលអាចកើតមានឡើងស្របពេលដែលកម្ពុជាត្រៀមចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩ ខាងមុខ៕