ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងសន្តិសុខ បានសម្លាប់ក្រុមឧទ្ទាមយ៉ាងហោចណាស់ ៣១ នាក់នៅរដ្ឋឆាតទីសហ្គា(Chhattisgarh) ភាគកណ្តាលរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ក្នុងប្រតិបត្តិការដ៏ធំមួយ។

ទាហានពីរនាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអាទិត្យ។
មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បាននិយាយថា ទាហាន២នាក់ដែលរងរបួស ត្រូវបានជម្លៀសទៅកាន់តំបន់ Raipur ដោយមានជំនួយពីកងទ័ពអាកាសឥណ្ឌា។

រដ្ឋ Chhattisgarh និងរដ្ឋនៅជិតខាង នៅភាគកណ្តាលនិងភាគខាងកើតប្រទេសឥណ្ឌា បានរងផលប៉ះពាល់ដោយការបះបោររយៈពេលជាច្រើនទសវត្សរ៍មកហើយដោយក្រុមឧទ្ទាមម៉ៅនិយម ។
ក្រុមឧទ្ទាមនិយាយថា ពួកគេកំពុងប្រយុទ្ធដើម្បីផ្តល់ឱ្យកសិករឥណ្ឌាក្រីក្រ និងកម្មករគ្មានដី មានការគ្រប់គ្រងបន្ថែមទៀតលើដីរបស់ពួកគេ និងទាមទារកាន់តែច្រើនចំពោះធនធានរ៉ែរបស់ខ្លួនដែលកំពុងកេងប្រវ័ញ្ចដោយក្រុមហ៊ុនរុករករ៉ែធំៗ នាពេលបច្ចុប្បន្ននេះ។