បេសកជនរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងកាលពីថ្ងៃអាទិត្យ (០៩ កុម្ភៈ) ថា ប្រទេសរុស្ស៊ី កំពុងរង់ចាំ "សញ្ញាសមស្រប" ពីទីក្រុងវ៉ាស៊ីនតោន ស្តីពីទំនាក់ទំនងជាមួយទីក្រុងមូស្គូ ប៉ុន្តែលោកមានការរំពឹងទុកតិចតួចណាស់សម្រាប់ទំនាក់ទំនងប្រសើរឡើងជាមួយគណៈប្រតិភូទីក្រុងវ៉ាស៊ីនតោន នៅឯអង្គការសហប្រជាជាតិ។

ការអត្ថាធិប្បាយរបស់លោក Vasily Nebenzya នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី ត្រូវបានចេញផ្សាយនៅមុនពេលប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកជឿជាក់ថា សហរដ្ឋអាមេរិក កំពុងធ្វើឱ្យមានវឌ្ឍនភាពក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ី អំពីសង្គ្រាមនៅអ៊ុយក្រែន។

លោក Nebenzya បានប្រាប់ RIA ថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាជាមួយអាមេរិក ស្តីពីអ៊ុយក្រែន "នៅលើគោលជំហរស្មើគ្នា" ហើយរុស្ស៊ី កំពុងតែរង់ចាំសញ្ញាសមស្រប និងសមរម្យពីភាគីទីក្រុងវ៉ាស៊ីនតោន។

ប្រេសិតរុស្ស៊ីជាន់ខ្ពស់រូបនេះបន្ថែមថា ទីក្រុងមូស្គូក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអ្នកការទូតសហរដ្ឋអាមេរិក នៅអង្គការសហប្រជាជាតិ បើទោះបីជាអ្នកតំណាងរបស់ទីក្រុងវ៉ាស៊ីនតោនបានងាកទៅរក "ការទូតដែលមាននិន្នាការនយោបាយយ៉ាងខ្លាំង" ក៏ដោយ៕